អន្តរជាតិ៖ក្នុងឧិកាសប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៣៤នេះ(១ឧសភាឆ្នាំ២០២០) អង្គការពលកម្មអន្តរជាតិបានលើកឡើងពីផលប៉ះពាល់
ដល់កម្លាំងពលករលើពិភពលោអំពីវិធានការបិទទីក្រុង ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ នឹងធ្វើឲ្យអ្នកប្រកបការងារ នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រមាណជាង ១ពាន់លាននាក់ ដែលស្មើនឹងពាក់កណ្តាលនៃចំនួនអ្នកធ្វើការក្នុងពិភពលោក ប្រឈមនឹងការបាត់បង់ការងារប្រឈមនឹងការលំបាកនៃជីវភាពប្រចាំថ្ងៃ ។
អង្គការពលកម្មអន្តរជាតិបានបន្តថា ពលករពួកគេកំពុងមានជីវភាពលំបាករួចទៅហើយ ត្រូវមកប្រឈមនឹងការបាត់បង់មធ្យោបាយទាំងស្រុងបន្ថែមទៀត ដើម្បីចិញ្ចឹមជីវិត។
តាមរបាយការណ៍របស់អង្គការអន្តរជាតិមួយនេះបានបញ្ជាក់ ពីវិធានការបិទទីក្រុង បិទក្រុមហ៊ុន និងដាក់ក្រុងមនុស្សឲ្យនៅក្នុងផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ និងបានកាត់បន្ថយម៉ោងធ្វើការក្នុងពិភពលោក ប្រមាណ ៤,៥%ស្មើនឹងការងារពេញម៉ោង ចំនួន ១៣០លានការងារ នៅក្នុងត្រីមាសទី១។ ដូច្នេះគេអាចនឹងវាយតម្លៃថា ម៉ោងធ្វើការនឹងថយ ចុះ ដល់ ១០% នៅត្រីមាសទី២ នៅពេលវិធានការ បិទទីក្រុង ត្រូវអូសបន្លាយពេល ឬត្រូវ ពង្រីកបន្ថែម ទៅលើតំបន់ផ្សេងទៀត ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩។
អង្គការពលកម្មអន្តរជាតិបានលើកឡើងថា នៅអាមេរិកអឺរ៉ុបនិងអាស៊ី ជាតំបន់ដែលអាចប្រឈមនឹងបាត់បង់ម៉ោងធ្វើការ ច្រើនជាងគេ នៅត្រីមាស ទី២ ដោយសារតែតំបន់ខាងលើ ដែលរងគ្រោះខ្លាំងដោយសារជំងឺ កូវីដ -១៩ ហើយនៅបន្តអនុវត្តវិធានការបិទទីក្រុង បិទភោជនីយដ្ឋាន ដើម្បីទប់ស្កាត់ការចម្លងមេរោគ COVID-19 នេះទៀតផង៕ដោយ៖ប្រាថ្នា