លោកកែវ សារិន អតីតគ្រូបង្វឹកស៊ីម៉ាក់និងត្រូវជាឪពុកកីឡាករបាល់ទាត់ជម្រើសជាតិ កែវ ឧត្តមទទួលមរណភាព
ភ្នំពេញ ៖ លោក កែវ សារិន អតីតគ្រូបង្វឹកក្លិបបាល់ទាត់ស៊ីម៉ាក់យូណាយធីត បានទទួលមរណភាពហើយក្នុងជន្មាយុ ៥៧ឆ្នាំ កាលពីថ្ងៃទី៣០ខែមេសាឆ្នាំ២០២០ម្សិលមិញ ដោយសារតែជំងឺរលាកសាច់ច្រមុះ និងគីសបំពង់ក។
លោកកែវ សារិន ជា ឱពុកបង្កើតរបស់កីឡាករ កែវ ឧត្តម ដែលជាសមាជិកបាល់ទាត់ឆ្នើមម្នាក់ក្នុងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំ។លោក កែវ សារិនបានធ្លាក់ខ្លួនឈឺ អស់រយៈពេលជាង១ឆ្នាំមកហើយ។
សូមជម្រាបថា លោក កែវ សារិន បានចាប់ផ្ដើមអាជីពជាអ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិនៅឆ្នាំ១៩៩០ និងធ្វើជាគ្រូបង្វឹកក្រុមស៊ីម៉ាក់នៅឆ្នាំ២០០៧ រហូតដល់២០១៨។ ក្រោយមកក្លិបស៊ីម៉ាក់យូណាយធីត ត្រូវបានរំសាយដោយសារបញ្ហាវិបត្តិហរិញ្ញវត្ថុ៕ដោយ÷ប្រាថ្នា