ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេស ចាប់ផ្តើមរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយអនុវត្តន៍កម្រិតផាកពិន័យកើនឡើងពី៣ទៅ៥ដង ។
ក្នុងប្រតិបត្តិការខាងលើនេះ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅមុខក្រុមហ៊ុន SKD ស្ថិតក្នុងសង្កាត់ គីឡូលេខ៦ ខណ្ឌឬស្សីកែវ ។
វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដាក់ចេញ ដើម្បីឆ្លើយតប នឹងភាពអាសន្ន នៃគ្រោះថ្នាក់ចរាចរណ៍ ដែលមានកំណើនយ៉ាងគំហុកកាលពីឆ្នាំកន្លងទៅ បានបណ្ដាលឱ្យមានអ្នកស្លាប់ របួសពិការ បង្កឱ្យមានកុមារកំព្រានិងការវិនាសព្រាត់ប្រាស់ ក្នុងគ្រួសារ ទាំងនៅក្នុងស្ថានភាព ដែលប្រទេសជាតិ បានចាកផុតពីភ្លើងសង្គ្រាម មានសន្តិភាព និងការអភិវឌ្ឍន៍ទៅហើយនោះ។
នាថ្ងៃនេះដែរ កម្លាំងសមត្ថិច្ចនគរបាលចរាចរណ៍ ចាប់ផ្តើមអនុវត្តន៍ការរឹតបន្តឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស តាមកម្រិតផាកពិន័យនៃអនុក្រឹត្យថ្មី ។សម្រាប់រាជធានីភ្នំពេញប្រតិបត្តិការនេះដឹកនាំដោយលោក ឧត្តមសេនីយ៍ឯកស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។
សម្រាប់អ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្ត សណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត ឬម៉ូតូកង់៤ដូចខាងក្រោម៖
១–ពិន័យទឹកប្រាក់ចំនួន ៦ម៉ឺនរៀល ចំពោះអ្នកបើកបរ និងរួមដំណើរព្រមទាំងកុមារមានអាយុចាប់ពី៣ឆ្នាំឡើងទៅ មិនពាក់មួកសុវត្ថិភាព ឬពាក់មួកសុវត្ថិភាពមិនត្រឹមត្រូវតាមស្តងដារជាតិ ឬពាក់មួកសុវត្ថិភាពដោយមិនដាក់គន្លឹះខ្សែសុវត្ថិភាព។
២–ពិន័យទឹកប្រាក់៨ម៉ឺនរៀល ចំពោះអ្នកបើកបរ ប្រើទូរស័ព្ទនៅពេលបើកបរដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។
៣–ពិន័យទឹកប្រាក់ ១០ម៉ឺនរៀល ចំពោះអ្នកបើកបរបង្ហោះ រេចុះរេឡើង ឆាបឬគៀរ, បើកបរអូសជន្ទល់លើផ្លូវថ្នល់ ឬព្រលែងចង្កូត ឬលើកជើងដាក់លើដៃចង្កូត, បើកបរបញ្ចេញសម្លែងម៉ាស៉ីនខ្លាំង ឬផ្សែងច្រើនខុសពីបទដ្ឋានបច្ចេកទេ។
៤–ពិន័យទឹកប្រាក់ ១២ម៉ឺនរៀល ចំពោះអ្នកបើកបរ ដោយគ្មានបណ្ណបើកបរឬក្នុងរយៈពេលដែលបណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ ឬហួសសុពលភាព, បើកបរដោយគ្មានបណ្ណសម្គាល់ ឬផ្លាកលេខ, បើកបរដោយមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានតាមច្បាប់កំណត់។
៥–ពិន័យទឹកប្រាក់ ១៥ម៉ឺនរៀល ចំពោះអ្នកបើកបរដែលប្រណាំងគ្នាដោយគ្មានការអនុញ្ញាតលើផ្លូវសម្រាប់ធ្វើចរាចរណ៍ជាសាធារណៈ ៕ដោយ៖ស រស្មី