ភ្នំពេញ៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអះអាងនៅថ្ងៃទី៣០ខែមេសា ឆ្នាំ២០២០នេះថា ខ្លួនមានភ័ស្តុតាងភ្ជាប់កូរ៉ូណាវីរុសដែលបង្កទៅជាជំងឺCOVID-19 ជាមួយនឹងមន្ទីរពិសោធន៍មួយក្នុងទីក្រុងវូហាន ដែលជាចំណុចផ្ដើមនៃការផ្ទុះរាលដាលជំងឺនេះ និងបានគំរាមដំឡើងពន្ធថ្មីប្រឆាំងរដ្ឋាភិបាលចិនផងដែរ ។ យ៉ាងណាមិញ ភ្នាក់ងារចារកម្មកំពូលអាមេរិក បានចេញសេចក្តីសន្និដ្ឋានថា វីរុសនេះមានដើមកំណើតនៅចិនមែន តែពុំមែនជាស្នាដៃមនុស្សបង្កើតឡើង។
លោក ដូណាល់ ត្រាំ បញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅសេតវិមានអាមេរិកថា«បាទ! ខ្ញុំបានឃើញ» ភ្នាក់ងារសហរដ្ឋអាមេរិក កំពុងស៊ើបអង្កេតជុំវិញហេតុការណ៍ ដែលវីរុសនេះបានផ្ទុះឡើងដំបូង ហើយអ្វីដែលចិនបានសម្រេចធ្វើ ដើម្បីបញ្ឈប់ការរីករាលដាលនៅជុំវិញពិភពលោក។ យ៉ាងណាមិញលោក ត្រាំ មិនបញ្ចេញពីព័ត៌មានលម្អិត នៃរបាយការណ៍ដែលលោកឃើញឡើយ។
លោកប្រធានាធិបតីសង្កត់ធ្ងន់ថា លោកនឹងទទួលបានរបាយការណ៍ជុំវិញអ្វីដែលបានកើតឡើងពាក់ព័ន្ធ COVID-19 ក្នុងពេលឆាប់ៗខាងមុខ។ទោះបីជាបញ្ហាដើមកំណើត នៃការផ្ទុះរាលដាលជំងឺCOVID-19 ស្ថិតក្រោមការស៊ើបអង្កេតនៅឡើយក្តី លោក ត្រាំ បានមានមន្ទិលសង្ស័យរួចទៅហើយ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ប្រធានាធិបតីអាមេរិកទី៤៥រូបនេះ អះអាងថា៖«ពួកគេ (រដ្ឋាភិបាលចិន) អាចបញ្ឈប់វាបាន»។លោកត្រាំ លើកឡើងបែបនេះ ដោយចង់វាយប្រហារចិន សម្រាប់ការពុំលុបចោលជើងហោះហើរអន្តរជាតិ ចេញពីប្រទេសនាពេលនោះ។
ប្រភពជំងឺ COVID-19 នៅតែប្រធានបទក្ដៅ ដោយមានការលើកឡើងគ្មានភ័ស្តុតាង បញ្ជាក់ច្បាស់លាស់មួយចំនួន ជុំវិញលទ្ធភាពដែលវីរុសនេះ បានលេចឡើងក្នុងទីក្រុង វូហាន។ ក្នុងនោះគឺ វីរុសបានផ្ទុះឡើងក្នុងផ្សារលក់សត្វព្រៃមួយកន្លែង ឬបែកធ្លាយដោយចៃដន្យពីមន្ទីរពិសោធន៍ក្រុងវូហាន។
ផ្ទុយពីការលើកឡើងរបស់លោក ត្រាំ សហគមន៍ចារកម្មសហរដ្ឋអាមេរិក នៅថ្ងៃទី៣០ ខែមេសា បានចេញសេចក្តីសន្និដ្ឋានថា ណូវែលកូរ៉ូណាវីរុសដែលបង្កទៅជាជំងឺCOVID-19 មានដើមកំណើត ក្នុងប្រទេសចិនពិតមែន តែពុំមែនជាការបង្កើតឡើងដោយមនុស្សទេ។
ទោះជាយ៉ាងណា លោក ត្រាំ ដែលមិនពេញចិត្តចិនរឿង COVID-19 នេះគំរាមដំឡើងពន្ធប្រឆាំងចិន។ នៅពេលអ្នកសារព័ត៌មានសួរបន្តថាលោកអាចលុបចោលការបង់បំណុលដែលអាមេរិកជំពាក់ចិន ឬយ៉ាងណា លោកប្រធានាធិបតី ត្រាំ លើកឡើងថា លោកអាចធ្វើវាដោយវិធីសាស្ត្រផ្សេង។ត្រង់ចំណុចនេះ លោកនិយាយដូច្នេះថា៖«ខ្ញុំអាចធ្វើរឿងដូចគ្នាប៉ុន្តែលុយច្រើនជាងមុន ពោលគឺដំឡើងពន្ធប្រឆាំងចិនតែម្ដង»។
សូមបញ្ជាក់ថា ក្នុងសប្ដាហ៍នេះ ប្រធានាធិបតីមកពីបក្សសាធារណរដ្ឋរូបនេះការចាត់ចែងជំងឺ COVID-19 របស់ចិន គឺជាភស្តុតាងបញ្ជាក់ថារដ្ឋាភិបាលក្រុងប៉េកាំង នឹងធ្វើរឿងគ្រប់បែបយ៉ាង ដែលពួកគេអាចដើម្បីធ្វើឲ្យលោកចាញ់ឆ្នោតអាណត្តិទី២ នាខែវិច្ឆិកាខាងមុខ។
ត្រង់ចំណុចនេះ លោក ដូណាល់ ត្រាំ ជឿជាក់ថា ក្រុងប៉េកាំងចង់ឲ្យគូប្រជែងបក្សប្រជាធិបតេយ្យរបស់លោក គឺលោក ចូ បៃឌិន យកឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក។ បើតាមលោកត្រាំ ហេតុផលនោះ គឺដើម្បីបន្ធូរបន្ថយសម្ពាធ ដែលលោកបានដាក់ប្រឆាំងចិន ពាក់ព័ន្ធបញ្ហាពាណិជ្ជកម្ម និងបញ្ហាដទៃទៀត។
ឆ្លើយតបនឹងការលើកឡើងរបស់លោក ត្រាំ នេះ ក្រសួងការបរទេសចិនអះអាងថា ក្រុងប៉េកាំងគ្មានផលប្រយោជន៍អ្វី ក្នុងការលូកដៃក្នុងការបោះឆ្នោតអាមេរិកនោះឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកGeng Shuang អះអាងថា ការបោះឆ្នោតគឺជាកិច្ចការផ្ទៃក្នុង ហើយប៉េកាំងសង្ឃឹមថា សហរដ្ឋអាមេរិកពុំអូសទាញចិនចូលក្នុងរឿងនេះ។
គិតត្រឹមថ្ងៃទី១ ខែឧសភា សហរដ្ឋអាមេរិក មានករណីឆ្លងសរុប ១,០៩លានករណី ខណៈអ្នកស្លាប់សរុបមាន ៦៣៨៦១នាក់។ អ្នកជាសះស្បើយមាន៨៧,៥ម៉ឺននាក់ ខណៈអ្នកជំងឺធ្ងន់ធ្ងរមានជាង១,៥ម៉ឺននាក់ ៕ដោយ៖សតារា