ព័ត៌មានទាន់ហេតុការណ៍៖

កែច្នៃផាវគ្រាប់បែកយកទៅបោកយកត្រីខុសបច្ចេកទេស ផ្ទុះដាច់ដៃម្ខាង

ចែករំលែក៖

ខេត្តបាត់ដំបង ​៖ បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីបានយកផាវទៅកែច្នៃធ្វើគ្រាប់បែក ដើ​ម្បី​យក​ទៅ​បោក​ត្រី​ក្នុង​ស្ទឹង តែ​ខុស​បច្ចេកទេស​ក៏​ផ្ទុះ​ឡើង​បណ្ដាល​ឱ្យ​របួស​ខ្ទេច​ដៃ​ម្ខាង ។

ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃ​ទី៣០ មេ​សា ឆ្នាំ២០២០នៅ​ចំណុច​ភូមិ​ ឃុំ ស្រុក​សំឡូត​ ខេត្តបាត់ដំបង។

មន្ត្រី​កងរាជអាវុធហត្ថ​ស្រុកសំឡូតបានឱ្យ​ដឹង​ថា បុរស​នោះ ឈ្មោះ ម៉េ​ង សុខ​ចំរើន អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ​។ មុនពេលកើតហេតុបុរស​នេះ​ បាន​យក​ផាវ​ដែល​មាន​រាង​មូល​ធំ​ៗ​ដូច​គ្រាប់បែក ទៅ​កែ​ច្នៃ​ធ្វើ​ជា​គ្រាប់​បែក ហើយទំនងជាខុសបច្ចេកទេសភ្លាត់ស្នៀត ធ្វើឱ្យផ្ទុះលាន់កក្រើកដី និងនិងធ្វើឱ្យបុរសនេះរបួសដៃខាងស្ដាំម្ខាងខ្ទេចតែម្តង ។

  ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយ​កើតហេតុ ក្រុម​ក្រុមគ្រួសារបានដឹកបុរសរងគ្រោះទៅកាន់មណ្ឌលសុខភាពភ្លាមៗដើម្បី​សង្គ្រោះ​បឋមហើយក្រោយមកដោយសាររបួសធ្ងន់ធ្ងរពេកក្រុមគ្រួសារបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យខេត្ត។

​ដោយឡែកបើតាមប្រភពពីមន្ត្រីមូលដ្ឋានក៏ដូចជា​ប្រជាពលរដ្ឋ​វិញបានបង្ហើបឱ្យដឹងថា ជនរងគ្រោះរងរបួសស្ទើរដាច់ដៃស្ដាំម្ខាងដោយសារគាត់ទិញ​ផាវគ្រាប់បែកទៅកែច្នៃយកទៅបោកត្រីតាមស្ទឹង។លុះពេល​គាត់​កំពុង​កែ​ច្នៃខុសបច្ចេកទេស ស្រាប់តែឮស្នូរសំឡេងផ្ទុះលាន់ក្ឌាំងតែម្តង។ ភ្លាមនោះគេនាំគ្នាទៅមើលស្រាប់តែឃើញបុរសនេះស្រែក​ឱ្យ​គេ​ជួយ ​ជាមួយនឹង​ដៃស្ដាំ​ម្ខាង​ហូរ​ឈាម​កក្លាក់​រង​របួស​យ៉ាងធ្ងន់ធ្ងរ ​ហើយត្រូវបានក្រុមគ្រួសារដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ៕ដោយ÷ប្រាថ្នា


ចែករំលែក៖