ភ្នំពេញ៖ ពាក្យស្លោក កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិតត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជារំលឹកសាជាថ្មីម្តងទៀតដល់អ្នកសារព័ត៌មាន ខណ:សម្តេចផ្ញើសារលិខិត ក្នុងឱកាស ទិវាសេរីភាពសារព័ត៌មានសកលលោក លើកទី២៧ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០នេះ។
នៅក្នុងសារលិខិតនោះសម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា “ខ្ញុំសូមរំលឹកសាជាថ្មីម្ដងទៀត ដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ដែលកំពុងបំពេញការងារលើវិស័យសារព័ត៌មាន នៅក្នុងកម្ពុជា ត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ច ឲ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈ ហើយត្រូវអនុវត្តឲ្យបានតាមវិជ្ជាជីវៈ ហើយត្រូវអនុវត្តឲ្យបានតាមពាក្យស្លោក កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត”។
សារនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ក្នុងឱកាសប្រារព្ធ ទិវាសេរីភាពសារព័ត៌មានសកលលោក លើកទី២៧ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០។
សម្តេចតជោ បានថ្លែងទៀតថា ខ្ញុំសូមរំលឹកជាថ្មីដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ដែលកំពុងបំពេញការងារលើវិស័យសារព័ត៌មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមគោរពឲ្យបានពាក្យស្លោក “កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត” ត្រូវជៀសវាងការផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងបន្លំ ដែលបង្កឲ្យមានភាពចលាចល នៅក្នុងសង្គមការញុះញង់ ការជេរប្រមាថបង្កឲ្យមានការគុំកួន រើសអើង និងអរិភាពនៅក្នុងសង្គម ដែលមិនអាចអត់ឱនឲ្យបានឡើយ។
ក្នុងនោះដែរសម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ សូមចូលរួមឲ្យបានសកម្មថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងបន្លំតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គមនានា ដោយការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងបន្លំ ឲ្យប្រជាពលរដ្ឋបានយល់ដឹងទាន់សភាពការណ៍ និងសូមឲ្យអ្នកសារព័ត៌មានទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយព័ត៌មានអប់រំដល់ប្រជាពលរដ្ឋរបស់យើង បង្កើនការប្រុងប្រយ័ត្នជាប់ជានិច្ច រួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយការរស់នៅប្រកបដោយអនាម័យល្អ រក្សាគម្លាតសង្គម និងអនុវត្តឲ្យបានត្រឹមត្រូវខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ចៀសវាងការរស់នៅដោយគ្មានអនាម័យ និងការប្រមូលផ្តុំគ្នា ដែលជាប្រភពនៃការចម្លងជំងឺដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មី។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា គាំទ្រនិងលើកកម្ពស់សិទ្ធិ សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពខាងសារព័ត៌មាន ដែលត្រូវធានាដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ ស្ដីពីរបបសារព័ត៌មាន ដែលធានានូវឯករាជ្យភាព នៃការផ្សាយព័ត៌មានដោយគ្មាន ការត្រួតពិនិត្យជាមុនសិទ្ធិ នៃការរក្សាការសម្ងាត់ ស្ដីពីប្រភពព័ត៌មានរបស់ខ្លួន។ រាជរដ្ឋាភិបាលកម្ពុជា ពិតជាត្រូវការស្ថាប័នសារព័ត៌មាន ដែលមានថាមពល ប្រកបដោយការទទួលខុសត្រូវ និងមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ៕ ដោយ៖ប្រាថ្នា