ញូដេលី៖ ដើម្បីបន្តកាត់បន្ថយការឆ្លងរាលដាលនៃ COVID-19 រដ្ឋាភិបាលឥណ្ឌា កាលពីថ្ងៃសុក្រទី០១ ខែឧសភា ឆ្នាំ២០២០ បានប្រកាសថាខ្លួននឹងអូសបន្លាយពេលវេលានៃការអនុវត្តវិធានការបន្តបិទប្រទេសរយៈពេល២សប្តាហ៍ទៀត រាប់ចាប់ពីថ្ងៃទី០៤ ខែឧសភានេះ ដែលមានប្រជាជននៅក្នុងប្រទេស សរុបជាង១.៣៨ពាន់លាននាក់នេះ ។
យោងតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃសុក្រទី០១ ខែឧសភា ឆ្នាំ២០២០ តាមសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃឥណ្ឌា បញ្ជាក់ថា កំឡុងការបិទប្រទេសនេះ ការធ្វើដំណើរឆ្លងរដ្ឋនឹងនៅតែមិនអនុញ្ញាត ដដែល ប៉ុន្តែអាជ្ញាធរនឹងបន្ធូបន្ថយការរឹតត្បិត នៅតាមតំបន់ដែលពុំមានករណីឆ្លងថ្មីៗនៃ COVID-19 ដើម្បីឲ្យសកម្មភាពសេដ្ឋកិច្ច អាចដើរឡើងវិញខ្លះ បន្ទាប់ពីជាប់គាំងក្រោយពេលបទបញ្ជាដ៏តឹងរ៉ឹងនេះ ត្រូវបានដាក់ចេញនៅទូទាំងប្រទេសឥណ្ឌា កាលពីថ្ងៃទី ២៥ ខែមីនា។
គួរបញ្ជាកថា នេះគឺជាការពន្យារពេលលើកទីពីរហើយនៃវិធានការបិទប្រទេសនៅឥណ្ឌា ដោយការពន្យារពេលលើកទីមួយ គឺត្រូវផុតនៅថ្ងៃទី០៣ខែឧសភា គឺថ្ងៃអាទិត្យសប្តាហ៍នេះ។ បើទោះជាកំពុងស្ថិតក្រោមការបិទប្រទេសជិត៤០ថ្ងៃមកហើយក៏ដោយ បច្ចុប្បន្នចំនួនអ្នកឆ្លងCOVID-19 នៅឥណ្ឌាបានកើនដល់៣៥,៣៦៥នាក់ ក្នុងនោះស្លាប់១,១៥២នាក់ គិតត្រឹមយប់ថ្ងៃសុក្រនេះ ខណៈកាលពីថ្ងៃទី២៥ ខែមីនា ជាពេលដែលវិធានការបិទប្រទេសត្រូវបានដាក់ចេញ គឺមានអ្នកឆ្លងត្រឹមជាង ៦០០នាក់ និងស្លាប់១០នាក់ប៉ុណ្ណោះ៕ដោយ៖ស តារា