ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីអនុវត្តច្បាប់ ក៏មានទោស និងផាកពិន័យ ដែរ ពេលបំពេញមុខងារបំពានច្បាប់

ចែករំលែក៖

 

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ ហុឹម យ៉ាន អគ្គស្នងការរង នគរបាលជាតិ បានផ្ញើរសារដល់មន្ត្រីអនុវត្តច្បាប់ ដែលមានភារកិច្ចរឹតបន្តឹងច្បាប់ចរាចរណ៍ អោយមាន សីលធម៌ សុភាពរាបសារ វិន័យ បន្ទាប់ពីមានបាតុភាពមិនប្រក្រតីពីមន្ត្រី រហូតដល់ ការផាកពិន័យគេ ខ្លួនឯងអត់ស្គាល់បណ្ណបើកបរ ផងនោះ។ 

នាយឧត្តមសេនីយ៍ ហុឹម យ៉ាន បានជម្រាបជូនទៅស្នងការរង លោកប្រធានការិយាល័យចរាចរណ៍ទូទាំងប្រទេស គ្រប់រាជធានី-ខេត្តដោយបញ្ជាក់ថា៖  ឃើញការងារ ២ថ្ងៃនេះ យើងខិតខំ អនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ បានល្អប្រសើរ មានភាពរលូនច្រើន។ ប៉ុន្តែទន្ទឹមនោះ ក៏មានបញ្ហាមួយចំនួនដែលកើតឡើង ក្នុងនោះគឺទី១-អំពីសីលធម៌ វិន័យ គឺយើងមិនទាន់ទន់ភ្លន់ សុភាពរាបសារ អាចមានកន្លែងខ្លះ មានបញ្ហាទំនាស់ជាមួយប្រជាពលរដ្ឋ ហើយមានកន្លែងខ្លះត្រូវប្រជាពលរដ្ឋរិៈគន់វិញ ដូចជាមន្ត្រីរបស់យើងខ្លះអត់ស្គាល់បណ្ណបើកបររថយន្ត ប្រភេទ(ក) ប្រភេទ(ខ) ជាដើម។ល។ នៅប្រកែកជាមួយអ្នកបើកបរជាដើម។ ដូច្នេះស្នើគ្រប់រាជធានី-ខេត្ត លោកស្នងការរង លោកប្រធានការិយាល័យចរាចរណ៍ ទទួលខុសត្រូវ ដឹកនាំ មន្ត្រីរបស់ខ្លួន ទាំងអស់នោះ ខិតខំធ្វើយ៉ាងណា ពង្រឹង វិន័យ សីលធម៌ ហើយអនុវត្តឱ្យត្រឹមត្រូវ ទន់ភ្លន់ សុភាពរាបសារ ជាមួយប្រជាពលរដ្ឋ ។ បញ្ហាទី២-គឺអនុវត្តត្រឹមតែចំណុចដែលបានណែនាំ គឺម៉ូតូមាន៧ចំណុច ហើយរថយន្តមាន ៩ចំណុច មិនអនុញ្ញាតអោយធ្វើអីផ្សេង ត្រួតពិនិត្យអីផ្សេងក្រៅពី៧ និង៩ចំណុចនេះទេ។ ឈប់អោយធ្វើអ្វីឱ្យលើសពីបណ្តាករណីកន្លងទៅ លើសពីការណែនាំ។

សូមបញ្ជាក់ថា៖ ករណីល្មើសខាងម៉ូតូ៧ចំណុច ចំពោះទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រីចក្រយានយន្ត សណ្តោងរុឺម៉ក និងម៉ូតូកង់បួន ក្នុងនោះរួមមាន៖ 

១-មិនពាក់មួកសុវត្ថិភាព ៦០០០០រៀល

២-មិនគោរពភ្លើង និងផ្លាកសញ្ញាចរារចរណ៍ ១០ ០០០០រៀល

៣-ល្មើសក្នុងការបត់ ការវ៉ាជែង ១០ ០០០០រៀល

៤-ការដឹកលើសចំណុះ ១០ ០០០០រៀល

៥-ស្រវឹង ២៥ ០០០០រៀល ទៅ ១.០០០.០០០រៀល(តាមកម្រិតជាតិអាល់កុល)

៦-គ្មានផ្លាកលេខ ១២ ០០០០រៀល

៧-ទូរស័ព្ទពេលបើកបរ ៨០០០០រៀល(ប្រើបានតែខ្សែក្រវ៉ាត់សម្លេង)។

ដោយឡែកចំពោះយានយន្តធុនស្រាល និងយានយន្តធុនធ្ងន់៩ ចំណុចរួមមាន៖ 

១-ល្មើសល្បឿន ១២ ០០០០រៀល -៦២៥ ០០០រៀល (តាមល្បឿន+ប្រភេទយាន)

២-ស្រវឹង ៤០ ០០០០រៀល ទៅ ៤ ០០០ ០០០ រៀល(កម្រិតអាល់កុល+ប្រភេទយាន)

៣-គ្មានប័ណ្ណបើកបរ ១២ ០០០០រៀល ទៅ ២៤ ០០០០០រៀល (តាមប្រភេទយាន)

៤-មិនគោរពភ្លើង និងផ្លាកសញ្ញាចរារចរណ៍ ១៥ ០០០០រៀល ទៅ ៣០ ០០០០រៀល  (តាមប្រភេទយាន)

៥-ល្មើសក្នុងការបត់ ការវ៉ាជែង ១៥ ០០០០រៀល ទៅ ៣០ ០០០០រៀល   (តាមប្រភេទយាន)

៦-មិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ៧៥ ០០០រៀល ទៅ ១៥ ០០០០រៀល    (តាមប្រភេទយាន)

៧-ការដឹកលើសចំណុះ ១៥ ០០០០រៀល ទៅ ៣០ ០០០០រៀល   (តាមប្រភេទយាន)

៨-គ្មានផ្លាកលេខ បណ្ណសំគាល់យាន ១.២០០ ០០០រៀល ទៅ ២.៤០០ ០០០រៀល  (តាមប្រភេទយាន)

៩-ទូរស័ព្ទពេលបើកបរ ១២ ០០០០រៀល ទៅ ២២៥ ០០០រៀល  (តាមប្រភេទយាន) ប្រើបានតែ ប្រើខ្សែរភ្ជាប់សម្លេង។

សូមរម្លឹកថា៖ តាមពិតទៅ មន្ត្រីអនុវត្តច្បាប់ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ នូវសកម្មភាពបំពានច្បាប់ ក្នុងពេលបំពេញមុខងាររបស់ខ្លួន យោងតាមមាត្រា៧៤ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក។ ក្នុងមាត្រា៧៤ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកណាដែលនៅក្នុងក្របខ័ណ្ឌមុខងារ ឫក្នុងឱកាសបំពេញមុខងាររបស់ខ្លួន ដែលបានដកហូតយកបណ្ណបើកបរ ផ្លាកលេខ បណ្ណសម្គាល់យានជំនិៈ ឬឃាត់ទុកយានជំនិៈដោយបំពានច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ថ្ងៃ ដល់១ខែ និងពិន័យជាប្រាក់ ពី១០ ០០០០រៀល ទៅ ៨០ ០០០០រៀល ។

ក្នុងករណីដែលមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ធ្វើឱ្យមានការខូចខាត ឬបាត់បង់ផ្នែកណាមួយ នៃយានជំនិៈ ដែលបានឃាត់ទុក អង្គភាពសាមីត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតឬបាត់បង់នោះ។

សូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមគោរព អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយស្មារតី ភ្ញាក់រលឹក និងទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖