សេអ៊ូល៖ យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០២០នេះ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីជាន់ខ្ពស់ម្នាក់ នៃវិមានប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានគូសបញ្ជាក់ដូច្នេះថា៖ «ពិតណាស់! មានសេចក្ដីរាយការណ៍ថាលោកប្រធានគីម បានទទួលការវះកាត់ ដោយផ្អែកលើសកម្មភាពដើររបស់លោក…យើងមាន ហេតុផលដែលអាចជឿជាក់បានថាលោកពុំបានទទួលការវះកាត់ណាមួយនោះទេ ប៉ុន្តែយើងមិនអាចប្រាប់ពីហេតុលផលទាំងនោះឡើយ»។
សារព័ត៌មានយ៉ុនហាប់ បានបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ពុំបានទទួលការវះកាត់បេះដូង ឬការវះកាត់ណាមួយដូចដែលពាក្យចចាមអារ៉ាម នាពេលកន្លងទៅបានអះអាងនោះទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងចេញផ្សាយរូបថតសកម្មភាពរបស់មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនបានបង្ហាញ មុខជាសាធារណៈលើកដំបូង បន្ទាប់ពីបាត់មុខអស់រយៈពេលប្រមាណ២០ថ្ងៃ។ លោក គីម ជុងអ៊ុន បានបង្ហាញខ្លួនជាសាធារណៈនៅក្នុងកម្មវិធីកាត់ខ្សែបូរសម្ពោធ រោងចក្រផលិតជីមួយកន្លែង ហើយប្រជាពលរដ្ឋដែលចូលរួមក្នុងកម្មវិធីនោះបានទះដៃអបអរសាទរយ៉ាងខ្លាំង នៅពេលលោកគីម ជុងអ៊ុន បង្ហាញខ្លួន។
រោងចក្រដែលលោក គីម ជុងអ៊ុន បានចូលរួមបើកសម្ពោធខាងលើនេះ គឺជារោងចក្រផលិតជីឈ្មោះ សូជុន (Sunchon Phosphatic Fertilizer)។កម្មវិធីទាំងមូល ត្រូវបានប្រារព្ធឡើងនៅចំថ្ងៃទី០១ ខែឧសភា។ រូបថតទាំងនេះក៏បានបន្សាបពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងបញ្ហាសុខភាពរបស់លោកផងដែរ៕ដោយ៖ស តារា