ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះ នគរបាលចរាចរណ៍ផាកពិន័យយានយន្តល្មើសដល់ ១,៨៤៤គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ បើតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានអោយដឹងថា៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានរកឃើញយានយន្តល្មើស ចំនួន១៨៤៤គ្រឿង ក្នុងនោះមានម៉ូតូ១៤០៤គ្រឿង និងរថយន្ត ៤៤០គ្រឿង។

ក្នុងរបាយការណ៍នោះបញ្ជាក់ថា៖ សម្រាប់បទល្មើសម៉ូតូ គឺភាគច្រើនមិនពាក់មួកសុវត្ថិភាព, អត់កញ្ចក់, បើកបញ្ជ្រាស និងល្មើសផ្សេងៗ។ ដោយឡែកបទល្មើសរថយន្ត ភាគច្រើនអត់ពាក់ខ្សែក្រវាត់ បើកលើសល្បឿន ផ្ទុកលើសចំណុះ និងអត់ផ្លាកលេខជាដើម។
បើសរុបយានយន្តល្មើសទាំងរយៈពេល៤ថ្ងៃ (ថ្ងៃទី០១-០៤ ខែឧសភា) មានចំនួន ៩៧៥១គ្រឿង ក្នុងនោះម៉ូតូចំនួន ៧៤៩៤គ្រឿង និងរថយន្ត២២៥៧គ្រឿង។

សូមបញ្ជាក់ថា៖ ករណីល្មើសខាងម៉ូតូ៧ចំណុច ចំពោះទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រីចក្រយានយន្ត សណ្តោងរុឺម៉ក និងម៉ូតូកង់បួន ក្នុងនោះរួមមាន៖
១-មិនពាក់មួកសុវត្ថិភាព ៦០០០០រៀល
២-មិនគោរពភ្លើង និងផ្លាកសញ្ញាចរារចរណ៍ ១០ ០០០០រៀល
៣-ល្មើសក្នុងការបត់ ការវ៉ាជែង ១០ ០០០០រៀល
៤-ការដឹកលើសចំណុះ ១០ ០០០០រៀល
៥-ស្រវឹង ២៥ ០០០០រៀល ទៅ ១.០០០.០០០រៀល(តាមកម្រិតជាតិអាល់កុល)
៦-គ្មានផ្លាកលេខ ១២ ០០០០រៀល
៧-ទូរស័ព្ទពេលបើកបរ ៨០០០០រៀល(ប្រើបានតែខ្សែក្រវ៉ាត់សម្លេង)។
ដោយឡែកចំពោះយានយន្តធុនស្រាល និងយានយន្តធុនធ្ងន់៩ ចំណុចរួមមាន៖
១-ល្មើសល្បឿន ១២ ០០០០រៀល -៦២៥ ០០០រៀល (តាមល្បឿន+ប្រភេទយាន)
២-ស្រវឹង ៤០ ០០០០រៀល ទៅ ៤ ០០០ ០០០ រៀល(កម្រិតអាល់កុល+ប្រភេទយាន)
៣-គ្មានប័ណ្ណបើកបរ ១២ ០០០០រៀល ទៅ ២៤ ០០០០០រៀល (តាមប្រភេទយាន)
៤-មិនគោរពភ្លើង និងផ្លាកសញ្ញាចរារចរណ៍ ១៥ ០០០០រៀល ទៅ ៣០ ០០០០រៀល (តាមប្រភេទយាន)
៥-ល្មើសក្នុងការបត់ ការវ៉ាជែង ១៥ ០០០០រៀល ទៅ ៣០ ០០០០រៀល (តាមប្រភេទយាន)
៦-មិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ៧៥ ០០០រៀល ទៅ ១៥ ០០០០រៀល (តាមប្រភេទយាន)
៧-ការដឹកលើសចំណុះ ១៥ ០០០០រៀល ទៅ ៣០ ០០០០រៀល (តាមប្រភេទយាន)
៨-គ្មានផ្លាកលេខ បណ្ណសំគាល់យាន ១.២០០ ០០០រៀល ទៅ ២.៤០០ ០០០រៀល (តាមប្រភេទយាន)
៩-ទូរស័ព្ទពេលបើកបរ ១២ ០០០០រៀល ទៅ ២២៥ ០០០រៀល (តាមប្រភេទយាន) ប្រើបានតែ ប្រើខ្សែរភ្ជាប់សម្លេង។
សូមរម្លឹកថា៖ តាមពិតទៅ មន្ត្រីអនុវត្តច្បាប់ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ នូវសកម្មភាពបំពានច្បាប់ ក្នុងពេលបំពេញមុខងាររបស់ខ្លួន យោងតាមមាត្រា៧៤ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក។ ក្នុងមាត្រា៧៤ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកណាដែលនៅក្នុងក្របខ័ណ្ឌមុខងារ ឫក្នុងឱកាសបំពេញមុខងាររបស់ខ្លួន ដែលបានដកហូតយកបណ្ណបើកបរ ផ្លាកលេខ បណ្ណសម្គាល់យានជំនិៈ ឬឃាត់ទុកយានជំនិៈដោយបំពានច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ថ្ងៃ ដល់១ខែ និងពិន័យជាប្រាក់ ពី១០ ០០០០រៀល ទៅ ៨០ ០០០០រៀល ។
ក្នុងករណីដែលមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ធ្វើឱ្យមានការខូចខាត ឬបាត់បង់ផ្នែកណាមួយ នៃយានជំនិៈ ដែលបានឃាត់ទុក អង្គភាពសាមីត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតឬបាត់បង់នោះ។
សូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមគោរព អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយស្មារតី ភ្ញាក់រលឹក និងទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖