ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រីថា ៖ បើធ្វេសប្រហែសកម្ពុជានឹងជួបហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ជាថ្មី

ចែករំលែក៖

ភ្នំពេញ ៖រដ្ឋមន្ត្រីក្រសួងសុខាភិបាលបាន បញ្ជាក់ថា ប្រសិនប្រជាពលរដ្ឋមិនបានអនុវត្តតាមវិធានការដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង សុខាភិបាលដាក់ចេញនោះទេ ប្រជាពលរដ្ឋនៅប្រទេសកម្ពូជា នឹងជួបហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ជាថ្មី។

 ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី០៤ខែឧសភា ឆ្នាំ២០២០ នាទីស្តីការ ក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង មានប្រសាសន៍ថា ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ អ្នកជាសះស្បើយពីជំងឺកូវីដ-១៩កើនឡើងដល់១២០នាក់ ក្នុងចំណោមអ្នកឆ្លងទាំងអស់សរុប១២២នាក់  ក្នុងនោះស្រី មាន៣៧ នាក់  និងបុរស៨៣នាក់ ហើយនៅសល់០២នាក់កំពុងព្យាបាល”។ 

លោកបានបញ្ជាក់ថា ចំនួនវត្ថុសំណាកដែលយកមកធ្វើការវិភាគមានចំនួន១២,៣៧៣សំណាកនៅទូទាំងប្រទេស គិតចាប់ពីខែមករា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ ដែលក្នុងចំណោមប្រជាជន១លាននាក់ កម្ពុជាបានធ្វើសំណាកបាន៧៦១សំណាក ហើយចំនួននេះបង្ហាញថាកម្ពុជាបានអនុវត្ត ការធ្វើតេស្តកូវីដ-១៩បានច្រើនជាងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។ 

ជាមួយគ្នានេះ ទោះបីជាបង្ហាញលទ្ធផលល្អយ៉ាងណាក្តី លោករដ្ឋមន្ត្រីបានស្នើប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តវិធានការបន្តទៀត ព្រោះថាស្ថានភាពនៅលើសកលលោក មិនទាន់មានការធូរស្រាលនៅឡើយ ដោយប្រទេសមួយចំនួនទាំងនៅទ្វីបអឺរ៉ុប  អាហ្រ្វិក និងអាស៊ីក្តី មកដល់ពេលនេះនៅតែរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មីបន្ថែមទៀតដែលធ្វើឱ្យ មានអ្នកផ្ទុកវីរុសកូវីដ-១៩ កើនឡើងដល់៣,២៦៧,១៨៤នាក់ និងស្លាប់២២៩,៩៧១នាក់។ទន្ទឹមនេះ ក្នុងរយៈពេល២៤ម៉ោង មានអ្នកឆ្លង៩១,៦៧៧នាក់ និងស្លាប់៥,៧៩៩នាក់ (របាយការណ៍អង្កការសុខភាពពិភពលោក)។ លោករដ្ឋមន្រ្ដីបានបន្ដថា ថ្វីត្បិតតែរយៈពេល៣សប្តាហ៍កន្លងមកនេះ មិនមានរកឃើញអ្នកឆ្លងកូវីដ-១៩ អ្នកជាសះស្បើយ១២០នាក់ នៅសល់០២នាក់ គ្មានអ្នកស្លាប់ ក៏ពិតមែន ប៉ុន្តែស្ថានភាពកូវីដ-១៩ ស្ថិតក្នុងការប្រុងប្រយ័ត្ននៅឡើយ ហើយសូមបងប្អូនអនុវត្តនូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក បានលើកឡើងថា បច្ចុប្បន្ននេះជំងឺកូវីដ-១៩ មិនទាន់ចប់នៅឡើយនោះទេនៅលើពិភពលោក ក៏ដូចជាប្រទេសកម្ពុជាផងដែរ ដែលជំងឺនេះនៅតែជាបញ្ហានៃគ្រោះអាសន្នជាសាធារណៈនៃប្រទេសជាតិទាំងមូល។ លោកស្រីបានបន្ដថា ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសក្នុងសកលលោកដែលកើតជំងឺកូវីដ-១៩ ហើយនៅប្រទេសមួយចំនួនមានករណីឆ្លងជំងឺនេះ នៅនឹង ហើយក៏មានប្រទេសមួយចំនួនទៀតមានការធ្លាក់ចុះផងដែរ  ដែលជាដំណឹងល្អ ប៉ុន្តែនៅប្រទេសមួយចំនួនទៀតនៅតែផ្ទុះកើតឡើងដដែល។ 

លោកស្រីបានបន្ថែមថា “ស្ថានភាពបច្ចុប្បន្នសម្រាប់ជំងឺកូវីដ-១៩ នៅក្នុងពិភពលោកគឺនៅមានរយៈពេលឆ្ងាយក្នុងការបញ្ចប់ ហើយដរាបណាប្រទេសផ្សេងៗនៅលើសកលលោកផ្ទុះជំងឺនេះ កម្ពុជានៅតែប្រឈមមុខដដែល”។

លោកស្រីបានកត់សម្គាល់ឃើញថា ស្ថានភាពកម្ពុជាមិនអាចដូចដើមនោះទេ ប៉ុន្តែយើងមានភាពធម្មតាថ្មីមួយដែលជាទម្លាប់ថ្មីមួយហើយមានស្តង់ដារ។ ក្នុងករណីបុគ្គលម្នាក់ៗមិនធ្វើការអនាម័យ និងការទទួលខុសត្រូវរៀងៗខ្លួននោះទេ គឺអាចនឹងមានការបាត់បង់ ឬគ្រោះថ្នាក់ដល់អាយុជីវិត៕ហេង សូរិយា


ចែករំលែក៖