ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត.. បញ្ចប់មុខតំណែង William Guang ពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

ចែករំលែក៖

ភ្នំពេញ៖ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្រេចបញ្ចប់មុខតំណែង
ក្នុងព្រះរាជក្រឹត្យបញ្ចប់មុខតំណែងនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ បានគូសបញ្ជាក់ថា ធ្វើឡើងតាមការទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ក្នុងនាមជាប្រធានគណបក្សខ្មែរក្រោក បានក្លាយជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បន្ទាប់ពីស្ថាប័ននេះត្រូវបានព្រះមហាក្សត្រសម្រេចបង្កើតឡើងតាមការទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០១៨។
សូមបញ្ជាក់ថា៖ ក្រសួងបរិស្ថាន បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញភាពមិនប្រក្រតីរបស់លោកប្រធានបក្សរូបនេះ ដោយលើកឡើងថា៖ ពិតជាមានការសោកស្ដាយចំពោះទង្វើគ្មានការទទួលខុសត្រូវ និងភាពមិនដឹងអំពីរបៀបរបប និងនីតិវិធីនៃការបំពេញការងារ នៅក្នុងក្របខណ្ឌនៃការងាររដ្ឋបាលសារធារណៈ របស់ប្រធានប្រតិភូគណបក្សខ្មែរក្រោក ដឹកនាំដោយលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង សាមាជិកឧត្តមក្រុមប្រឺឹក្សាពិគ្រោះ និងផ្ដល់យោបល់ អំឡុងពេលចុះបំពេញបេសកកម្មនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ (រាម) ក្នុង ភូមិសាស្ត្រ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០។
ក្រសួងបរិស្ថានបានបន្តថា៖ ចរិតក្រអឺតក្រទម និងការប្រើប្រាស់ពាក្យសំដីប្រមាថ មូលបង្កាច់ ចោទប្រកាន់ ដោយគ្មានមូលដ្ឋាន ភស្តុតាងច្បាស់លាស់របស់ប្រធានប្រតិភូគណបក្សខ្មែរក្រោក មកលើអាជ្ញាធរមូលដ្ឋាន និងមន្ត្រីមានសមត្ថកិច្ចគឺមិនសាកសម ជាអ្នកមានសមត្ថកិច្ចនិងជាដៃគូរាជរដ្ឋាភិបាល ចុះបំពេញបេសកកម្មនោះទេ៕ដោយ៖សុខ ខេមរា


ចែករំលែក៖