ខេត្តបាត់ដំបង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈរូបគាត់បានទាស់សំដីគ្នាជាមួយភាគីម្ខាងទៀត ហើយត្រូវភាគីនោះខឹង នឹងទំនងកើតរោគចិត្តផងនោះបានលីចបកាប់ទៅកាប់សម្លាប់ដល់ក្នុងផ្ទះ។
ហេតុការណ៍នេះកើតឡើងកាលពី
រសៀលថ្ងៃទី៣ ខែឧសភាឆ្នាំ២០២០ នៅចំណុចក្រុម១៣ ភូមិអូររំចេក ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបាសាក់បានឲ្យដឹងថា៖ ជនបង្កឈ្មោះ ង៉ូវ ណាក់ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិ ឃុំខាងលើ បានយកចបកាប់ដងឈើកាប់ទៅលើ ជនរងគ្រោះឈ្មោះ ឆឹង រដ្ឋា ភេទប្រុស អាយុ ៥៧ឆ្នាំ មានស្រុកកំណើតនៅភូមិអំពិល ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង មកស្នាក់នៅធ្វើចម្ការ នៅចំណុចកើតហេតុខាងលើយូរខែមកហើយ។ ជនសង្ស័យបានកាប់ជនរងគ្រោះ ជាច្រើនចបកាប់ បណ្តាលឲ្យស្លាប់ភ្លាមៗ ខណៈជនរងគ្រោះកំពុងដេកលើអង្រឹងទាំងមិនដឹងខ្លួន ក្រោយមានទំនាស់គ្នាតិចតួច។
តាមសមត្ថកិច្ចដដែលឲ្យដឹងទៀតថា ៖ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យទំនងកើតរោគចិត្តបានលីចបកាប់រត់ចេញ ទៅផ្លូវថ្នល់តែទាក់នឹងរបងបន្លាលួសក៏ខឹងចិត្តរត់ទៅវាយរថយន្ត របស់ឈ្មោះ គង់ រៀម ភេទប្រុស អាយុ ៣៣ឆ្នាំ ដែលចតស្ងៀមបណ្តាលឲ្យបែកកញ្ចក់ ហើយបានហក់ចូលក្នុងកញ្ចក់រថយន្តបែកនោះ បណ្តាលឲ្យបែកក្បាល និង មុតរយះពោះធ្លាយពោះវៀនយ៉ាងធ្ងន់ធ្ងរ ។
បន្ទាប់មកសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ហើយបានបញ្ជូនមកមណ្ឌលសុខភាពបាសាក់ដើម្បីព្យាបាល ប៉ុន្តែពេលដល់មណ្ឌលសុខភាព អស់រយ:ពេលប្រមាណ៣០នាទី ជនសង្ស័យក៏ដាច់ខ្យល់ស្លាប់ទៅ។
សាកសពជនរងគ្រោះនិងជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ស សារ៉េត