ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តTacoma មួយគ្រឿងជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវចំប្រឈិតមុខសាលាដំបូងរាជធានីភ្នំពេញ ពេញទំហឹង បណ្ដាលឲ្យរងការខូចខាត។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ២១៧ កែងផ្លូវលេខ២១៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
បេីតាមសម្ដីសន្តិសុខដែលប្រចាំការក្នុងក្រុមហ៊ុនមួយក្បែរកន្លែងកេីតហេតុបានបង្ហេីបប្រាប់ឲ្យដឹងថា ដំបូងគាត់ឃេីញរថយន្តម៉ាក Tacoma ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AX-5982 ដែលបេីកបរដោយបុរសម្នាក់ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ២១៣ ទិសដៅពីលិចមកកេីតក្នុងល្បឿនលឿន ខណៈមកដល់កែងផ្លូវ២១៧ មិនបង្អន់ល្បឿន និងបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់អស់១កង់ រីឯរថយន្តបង្កបានរងការខូចខាតយ៉ាងដំណំផងដែរ តែមិនបង្កឲ្យមនុស្សរងរបួសនោះទេ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ភ្លាមៗតែមិនបានឃាត់ខ្លួនអ្នកបេីករថយន្តបង្កនោះទេ ដោយទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ឲ្យមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ភារ៉ា ដង្កោ