ភ្នំពេញ ៖ របាយការណ៍បានបង្ហាញឱ្យដឹងថា ៖ ក្នុងអំឡុងរយៈពេល០៣ថ្ងៃ នគរបាល រាជធានីភ្នំពេញ បើកយុទ្ធនាការអនុវត្តរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុង រាជធានី ភ្នំពេញ គ្មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នោះឡើយ។ ជាងនេះថែមទៀតបទល្មើស គ្រោះថ្នាក់ចរាចរណ៍ក៏បានថយចុះនិងអ្នករងរបួសក៏ថយចុះនោះផងដែរ។
បើយោងតាមរបាយការណ៍ របស់ការិយាល័យនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងថា ៖ ប្រៀបធៀបគ្រោះថ្នាក់ចរាចរណ៍រយៈពេល០៣ថ្ងៃដូចគ្នា គឺពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ខែឧសភា។ ថយចុះត្រាគ្រោះថ្នាក់០២លើក ថយចុះអ្នកស្លាប់០២នាក់ ថយអ្នករងរបួសធ្ងន់និងស្រាល០៣នាក់។ មុនយុទ្ធនាការរយៈពេល០៣ ថ្ងៃគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន០៤លើក បណ្តាលឱ្យអ្នកស្លាប់០២នាក់ រងរបួសធ្ងន់ស្រាល០៥នាក់ ដោយឡែករយៈពេល០៣ក្នុងយុទ្ធនាការ។
គ្រោះថ្នាក់ចរាចរណ៍កើតឡើង០២លើក គ្មានអ្នកស្លាប់ អ្នករងរបួសធ្ងន់ស្រាល០២នាក់។ ការថយចុះបទល្មើសគ្រោះថ្នាក់ចរាចរណ៍និងថយចុះអ្នកស្លាប់បែបនោះ នៅក្នុង រាជធានីភ្នំពេញត្រូវគេមើលឃើញប្រជាពលរដ្ឋកំពុងនឹងបានចូលរួមបើកបរយានយន្តគោរពច្បាប់ចរាចរណ៍និងមានសា្មរតីប្រុងប្រយ័ត្ននៅពេលបើកបរលើដងផ្លូវ។ គ្រាដែល នគរបាលរាជធានីភ្នំពេញបានដាក់ពង្រាយកម្លាំងចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ទាំងយប់ទាំងថ្ងៃរហូតដល់៦១គោលដៅនៅតាមបណ្តាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។
ចំណែកលទ្ធផលការងារនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងរាជធានីភ្នំពេញរយៈពេល០៣ថ្ងៃនោះផងដែរ សមត្ថកិច្ចអនុវត្តច្បាប់ឃាត់មធ្យោបាយប្រព្រឹត្តបទល្មើស សរុប២៥០២គ្រឿង រថយយន្ត៣១៨គ្រឿង ម៉ូតូ២១៨៤គ្រឿងដើម្បីឱ្យម្ចាស់ចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា ក្នុងរយៈពេលចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងរាជធានីភ្នំពេញ ក៏មានចំណុចប្រឈមមួយចំនួនមានប្រជាពលរដ្ឋមួយចំនួនតូចនៅតែបើកបរ ល្មើសច្បាប់ចរាចរណ៍ ហើយក្នុងនោះក៏មានប្រជាពលរដ្ឋខ្លះមិនពេញចិត្តនិងការអនុវត្តច្បាប់ចរាចរណ៍ហើយរិះគន់រឺនិយាយវាយប្រហារមកលើសមត្ថកិច្ចតាមប្រព័ន្ធព័ត៌មាន សង្គមនៅពេលដែលពួកគាត់បើកបរល្មើសច្បាប់ចរាចរណ៍ហើយរងការផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ស្តីពីការផាកពិន័យអន្តរការចំពោះអ្នកបើកបរល្មើស ច្បាប់ចរាចរណ៍ផ្លូវគោក។ ប៉ុន្តែការអនុវត្តនេះក៏មានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋភាគច្រើនផងដែរ។
យុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកគឺដើម្បីពង្រឹងឥរិយាបថប្រជាពលរដ្ឋប្រើប្រាស់ផ្លូវថ្នល់មានស្មារតីចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថអត្រា គ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយអ្នកស្លាប់និងអ្នករងរបួស។ ក្រោយគេមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាប្រជាពលរដ្ឋភាគច្រើនមានការព្រួយបារម្ភពីអត្រាគ្រោះ ថ្នាក់ចរាចរណ៍នៅកកម្ពុជាបណ្តាលឱ្យមនុស្សស្លាប់និងរងរបួសមានការកើនឡើងខ្ពស់ ស្ថិតក្នុងភាពប្រកាសអាសន្ន។ រយៈពេល០១ឆ្នាំកន្លងទៅនេះ គឺឆ្នាំ២០១៩ អ្នកស្លាប់ គ្រោះថ្នាក់ចរាចរណ៍សរុប១៩៨១នាក់ ចំណែកអ្នករងរបួស៦១៤១នាក់ ៕ដោយ៖នគរបាលក្រុង