កណ្ដាល៖ កូនប្រុសចិត្តតិរច្ឆាន គ្រាន់តែម្ដាយសួរនាំរឿង ធ្វើឲ្យកង់ដួលប៉ុណ្ណឹងសោះកូនតិរច្ឆានស្ទុះទៅយកដុំឥដ្ឋប្រហោងវាយប្រហារមកលើម្ដាយ និងឪពុកហេីយវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ ត្រូវបានលោក វ៉ាន់ សុបញ្ញា ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ សម្រេចចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ” ហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា ” តាមមាត្រា២១៧ និងមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ
ដែលប្រព្រឹត្តនៅភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាលនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៤និង៣០នាទី ។
ជនត្រូវចោទមានឈ្មោះដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរមាន មុខរបរមិនពិតប្រាកដ។
ចំណែកជនរងគ្រោះមានចំនួន៣នាក់ ទី១-ឈ្មោះ សុឹម ចិន្តា ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ប្រឡាយឃុំ បឹងខ្យាងស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល មុខរបរ កសិករ ទី២-ឈ្មោះ ប្រុក សារិន ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិ ប្រឡាយឃុំ បឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល និងទី៣-ឈ្មោះ កឹម វណ្ណី ភេទស្រី អាយុ៦០ឆ្នាំ មានទីលំនៅភូមិ ប្រឡាយ ឃុំបឹងខ្យាងស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងទៀតថា៖ នៅមុនពេលកើតហេតុជនសង្ស័យបានធ្វើឱ្យកង់ដួលនៅមុខផ្ទះ ពេលនោះជនរងគ្រោះជាម្តាយបានសួរនាំជនសង្ស័យពីរឿងដួលកង់នោះ ស្រាប់តែជនសង្ស័យបានស្ទុះយកដុំឥដ្ឋប្រហោងវាយក្បាលជនរងគ្រោះ បណ្តាលអោយពក បន្ទាប់មកជនរងគ្រោះជាម្តាយហើយបានរត់ទៅពួននៅផ្ទះអ្នកជិតខាងបាត់ទៅ។ បន្ទាប់មកជនសង្ស័យបានយកដុំថ្មវាយក្បាលជនរងគ្រោះជាឱពុកបណ្តាលឱ្យបែកហូរឈាម និងបានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ រួចជនសង្ស័យបានរត់ចូលទៅផ្ទះអ្នកជិតខាងដែលជាជនរងគ្រោះឈ្មោះ សំ សុវណ្ណារី ដោយកាន់ពូថៅជាប់នឹងដៃទៅជាមួយផង។ ភ្លាមនោះជនសង្ស័យបានធាក់ទ្វារដែកផ្ទះបាយបណ្តាលឱ្យដាច់ត្រចៀកទ្វារ របេីកត្រូវចំមុខជនរងគ្រោះដែលឈរក្បែរនោះដួលផ្ងារក្រោយរងរបួសបែកមុខ និងបែកក្បាលពីក្រោយហូរឈាម។
ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមណ្ឌលសុខភាពបឹងខ្យាង។
ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្យាងបានចុះដល់ចំណុចកើតហេតុ និងធ្វេីការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគបាលស្រុកចាត់ការតាមនិតិវិធី៕ ឆ ដា