ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដក្រឡុកស៊ីម៉ង់ត៍ បើកវ៉ាជែង មិនប្រយ័ត្នជ្រុលទៅបុកម៉ូតូពីរគ្រឿងរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖បុរសម្នាក់រងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយអ្នកបើករថយន្តក្រឡុកស៊ីម៉ង់ត៍ ធុនធំខ្វះការប្រុងប្រយ័ត្នបើកបុកពីក្រោយ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ ព្រឹកថ្ងៃទី០៥ ខែឧសភាឆ្នាំ ២០២០ តាមបណ្ដោយផ្លូវ ៣០ម៉ែត្រក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុគេឃើញមានរថយន្តក្រឡុកស៊ីម៉ង់ត៍ ធុនធំមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភ្នំពេញ 3C -3622 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុត្រង់ផ្លូវបែកជាបួនអ្នកបើកបរបានវ៉ាជែងជាមួយនឹងរថយន្តមួយគ្រឿងទៀតក៏រេចង្កូតមកបុកនឹងម៉ូតូសណ្ដោងរុឺម៉កដឹកប្រេងចំពីចំហៀងដែលបើកបរស្របទិសគ្នា រួចបន្តជ្រុលទៅបុកនិងម៉ូតូកង់បីមួយគ្រឿងទៀតដែលប្រុងបើកឆ្លងផ្លូវ បណ្ដាលឱ្យអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កដឹកប្រេងរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកជាមួយនឹងពំនូកដីដែលនៅលើផ្លូវទើបទៅមុខលែងរួច ។ ចំណែកឯអ្នកបើកបររថយន្តបង្កចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕ចន្ទ លីហ្សា


ចែករំលែក៖