ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្នជិត១០០គ្រួសារ ផ្ទុះការតវ៉ានឹងរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបដាក់គ្រឿងចក្រចូលកាយក្រវាត់ព្រំដីនិងបោះបង្គោលយកដីចម្ការពួកគាត់

ចែករំលែក៖

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋជិត១០០គ្រួសារ កាលពីរសៀលថ្ងៃទី៤ ខែ ឧសភា ឆ្នាំ២០២០ បានផ្ទុះការតវ៉ាមួុយបន្ទាប់ពីមន្រ្តីអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប និងអាជ្ញាធរពាក់ព័ន្ធដាក់គ្រឿងចក្រចូលកាយក្រវាត់ព្រំដីនិងបោះបង្គោលយកដីចម្ការស្វាយចន្ទីនិងដីចម្ការដំណាំផ្សេងទៀតជិត៣០០ហិកតាដាក់
ចូលក្នុងជាតំបន់ដីស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើឡើងវិញ ។ ដីនេះស្ថិតនៅក្នុងតំបន់អន្លង់ថ្ម ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ប្រជាពលរដ្ឋថ្លែងថា ពួកគាត់រស់នៅទាំងភ័យខ្លាចក្រោមអំណាចគាបសង្កត់ពីលោក តិប ញាតា នាយរងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ដែលតែងតែធ្វើការរុករានគំរាមកំហែងប្រជាពលរដ្ឋឲ្យប្រគល់ដីឲ្យរដ្ឋបាលព្រៃឈើនិងបង្កជាអំពើហិង្សាវាយដំលើប្រជាពលរដ្ឋកាលពីពេលកន្លងទៅ។
ប្រជាពលរដ្ឋងឿងឆ្ងល់ណាស់ដោយកាលដំបូងម៉េចមិនរដ្ឋបាលព្រៃឈើហាមឃាត់ពួកគាត់មិនឲ្យធ្វើការកាប់រានដាំដំណាំផ្សេងៗ? លុះពេលពួកគាត់បានអាស្រ័យផលរៀងរាល់ឆ្នាំរយៈ ពេល៣ ទៅ៦ឆ្នាំ ទៅហើយស្រាប់តែមកដល់ចុងឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០នេះ ទើបរដ្ឋបាលព្រៃឈើមកជូនដំណឹង និងកាប់បំផ្លាញដំណាំ ដែលជាកម្លាំងញើសឈាមរបស់ ពួកគាត់ចោលអស់។
ពួកគាត់មិនសប្បាយចិត្ត រស់នៅយ៉ាងលំបាកបែបនេះទេ។ សួរថាតើពលរដ្ឋទាំងអស់នេះជាពលរដ្ឋរបស់អ្នកណា? បើទុកឲ្យពួកគាត់រស់ផងមិនបានទេឬ? អាងមានសិទ្ធិមានអំណាចដើរធ្វើបាបពលរដ្ឋមែនទេ?
ប្រជាពលរដ្ឋម្នាក់ដែលជាជនរងគ្រោះបានរៀបរាប់ប្រាប់ថា ចម្ការបស់គាត់ដែលកំពុងអាស្រ័យផលបានដាំដុះស្វាយចន្ទីរយៈពេល៨ឆ្នាំមកហើយ និងបានអាស្រ័យផលរយៈពេល៥ឆ្នាំមកហើយដែរ ។លុះមកដល់ថ្ងៃមួយស្រាប់តែមានផ្ទុះអាវុធដោយកម្លាំងរដ្ឋបាលព្រៃឈើពេលគាត់កំពុងដើររើសស្វាយចន្ទីជាមួយម្តាយចាស់ក្បែរផ្ទះ។ ភ្លាមនោះគាត់បានដើរមកមើលឃើញមានមនុស្ស៥នាក់ ក្នុងនោះមានលោក តិប ញាតា ផងដែរ បានហៅគាត់ឲ្យឈប់ និងនិយាយគំរាមកំហែងថា “ដីនេះជាដីរដ្ឋដីក្នុងតំបន់ស្តារព្រៃឈើឡើងវិញ ។បន្ទាប់មកសមត្ថកិច្ចទាំងនោះបានបង្ខំឲ្យពលរដ្ឋផ្តិតមេដៃលើក្រដាសសមួយសន្លឹក តែរូបគាត់មិនព្រមផ្តិតទេ។ ពេលនោះគេគំរាមវាយខ្នោះ និងចាប់គាត់ដាក់គុក ធ្វើឲ្យគាត់ភ័យខ្លាចក៏រត់ចេញ ប៉ុន្តែត្រូវបានគេស្រែកគំរាមឲ្យឈប់ និងដកកំភ្លើងបាញ់ចំនួនពីរគ្រាប់ឡើងលើទៀតផង។ ប្រជាពលរដ្ឋក្នុងភូមិសូមអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មេត្តាជួយពលរដ្ឋស្លូតត្រង់និងដោះស្រាយឲ្យទទួលបានដីអាស្រ័យផលវិញផង ។
លោក ស៊ន ពិសិដ្ឋ មេភូមិអូរគគី រ បានប្រាប់ថា ប្រជាពលរដ្ឋរបស់លោកមួយចំនួនរស់នៅភូមិនេះតាំងពីឆ្នាំ២០០៦មកម្ល៉េះ។ រហូតមកដល់ព្វថ្ងៃនេះមានប្រជាពលរដ្ឋរស់នៅអចិន្រ្តៃយ៍សរុបប្រមាណ២៥៦គ្រួសារ ។កន្លងមកភូមិនេះត្រូវបានរៀបចំឲ្យមានការិយាល័យបោះឆ្នោតចំនួន២លើកមកហើយ។ ទន្ទឹមនេះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាស និងសម្រេចបង្កើតភូមិនេះនៃខេត្តកំពង់ធំ តាមប្រកាសលេខ ៥៣០ ប្រ.ក ចុះថ្ងៃទី២០ខែមិថុនា ឆ្នាំ២០១៦។ ក្នុងមួយរយៈចុងក្រោយនេះ ជាពិសេសនៅខែមេសា ឆ្នាំ២០២០, រូបលោកបានធ្វើរបាយការណ៍ជូនប៉ុស្តិ៍នគរបាលបឹងល្វា ស្តីការផ្ទុះអាវុធដែលប្រជាពលរដ្ឋរបស់លោករងគ្រោះដោយសមត្ថកិច្ចបាញ់គំរាមប្រជាពលរដ្ឋផងដែរ។
យ៉ាងណាក្នុងករណីនេះលោក តឹប ញាតា នាយរងអធិការដ្ឋានខាងជើងបឹងទន្លេសាបធ្លាប់បានផ្ដល់បទសម្ភាសដល់អ្នកកាសែតថា ដីរបស់ប្រជាពលរដ្ឋដែលតវ៉ា នេះគឺស្ថិតនៅក្នុងដីស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឡើងវិញ របស់រដ្ឋ។ឯការផ្ទុះអាវុធ នៅរសៀលថ្ងៃទី១៨ខែ មេសាឆ្នាំ២០២០ កន្លងទៅគឺមន្ត្រីរបស់លោកបានប្រើប្រាស់សិទ្ធិការពារខ្លួននៅពេលចុះប្រតិបត្តិការទប់ស្កាត់ប្រជាពលរដ្ឋបម្រុងប្រើកំហឹងមកលើសមត្ថកិច្ចប៉ុណ្ណោះ។
រហូតមកដល់ព្រឹកថ្ងៃទី៥ ខែ ឧសភា ឆ្នាំ២០២០នេះ លោក យិន ញាតា បានប្រាប់ភ្នាក់ងារយកព័ត៌មានមជ្ឈមណ្ឌលព័ត៌មាននគរវត្តថា ការតវ៉ារបស់ប្រជា ពលរដ្ឋម្សិលមិញនេះមិនដល់១០០នាក់ទេ
ហើយអ្នកតវ៉ានេះគឺច្រើនតែមកពីអូរក្រពើ ភ្នំសេវា និងអូរគគីរ ជាដើម ឯអ្នកភូមិមានតែ ៣ទៅ ៤គ្រួសារប៉ុណ្ណោះ។ពួកគាត់ត្រូវបានបុគ្គលម្នាក់ជាមេខ្លោងឈ្មោះម៉េន ដែលទើបចេញពីគុកពាក់ព័ន្ធដីធ្លី ជាអ្នកបំផុសបំផុលឲ្យពលរដ្ឋតវ៉ា។តែយ៉ាងណាក្នុងករណីនេះសមត្ថកិច្ចរបស់លោកនិងអាជ្ញាធរដែនដី ត្រូវតែមានឆន្ទ:រក្សាសម្បត្តិរដ្ឋនៅទីនេះឲ្យបាន ខណ:ដែលកន្លងមកអាជ្ញាធរដោះស្រាយសមរម្យជាមួយប្រជាពលរដ្ឋបានមួយចំនួនដែរទៅហើយនោះ។
លោក ទូច សុខា អភិបាលស្រុកសន្ទុក មិនអាចសុំការបញ្ជាក់រឿងនេះបានទេកាលពីព្រឹកថ្ងៃទី៥ ខែឧសភានេះ ដោយទូរស័ព្ទទាំង២ប្រព័ន្ធរបស់លោក ទាក់ទងមិនបាន៕ដោយ៖ប៊ុនរិទ្ធី


ចែករំលែក៖