ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកចំពាក់កណ្ដាលរថយន្តត្រង់ចំណុចស្តុបបែកជាបួនបណ្ដាលឲ្យដួលបោកនិងថ្នល់រងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៥០យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៦ ខែឧសភាឆ្នាំ២០២០ នៅចំណុចស្តុបចំការមន តាមបណ្ដោយផ្លូវព្រះនរោត្តម កែងនឹងផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាពីមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FZ-5995ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តមទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាក តូយូតាព្រូសពណ៌ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ2BE-9065បើកបរដោយយុវជនម្នាក់រួមដំណើរនឹងនារីពីរនាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅស៊ីទុងទិសដៅពីកើតទៅលិចចំពាក់កណ្ដាលរថយន្តផ្នែកខាងស្ដាំពេញទំហឹងបណ្ដាលឲ្យដួលបោកនៅនឹងថ្នល់ងរបួសធ្ងន់។បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវ៕ដោយ៖សុខាសែនជ័យ