ភ្នំពេញ៖ បុណ្យពិសាខបូជា គឺជាបុណ្យដ៏ធំនិងសំខាន់បំផុតមួយក្នុងចំណោមបុណ្យដ៏សំខាន់ៗក្នុងពុទ្ធសាសនា ធ្វើនៅថ្ងៃទី ១៥ កើត ខែ ពិសាខ ដែលឆ្នាំនេះ ត្រូវនឹងថ្ងៃទី០៦ ខែ ឧសភានេះ។ ពិសាខបូជា គឺជាបុណ្យប្រពៃណីរបស់ពុទ្ធសាសនិក មិនមែនជាបុណ្យក្នុងបញ្ញត្តិ ពោលគឺជាបុណ្យដែលពុទ្ធបរិស័ទតាក់តែងឡើងដោយសារទឹកចិត្តសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ហើយពុំមានជាការបញ្ញត្តិ ឬកំណត់ដោយព្រះពុទ្ធឱ្យធ្វើពិធីបុណ្យពិសាខបូជានេះឡើយ ។
បុណ្យពិសាខបូជា បានសេចក្តីថា ជាពិធីបុណ្យដែលគេធ្វើឡើងសម្រាប់គោរពបូជា ឬសម្រាប់រំលឹកដល់ព្រឹត្តិការណ៍ដ៏សំខាន់ៗដែលកើតមានឡើងនៅក្នងខែពិសាខក្នុងនោះរួមមាន៖
១-កាលដែល ព្រះសិទ្ធត្ថ ( ព្រះពុទ្ធ) ទ្រង់ ប្រសូត (កើត) នៅ៨០ឆ្នាំ មុនពុទ្ធសករាជ នាលុម្ពិនីឧទ្យាន ក្រោមដើម សាលព្រឹក្ស នៅថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំ ច ។ ក្នុងគម្ពីរពុទ្ធសាសនាបានដំណាលថា ពេលដែលទ្រង់ប្រសូតមកភ្លាម ទ្រង់ អាចយាងឈានជើងដើរបាន៧ជំហាន ឆ្ពោះទៅកាន់ឧត្តរទិស (ទិសខាងជើង) ហើយបន្លឺនូវ អាសភិវាចា គឺវាចាដ៏ឧត្តមថាៈ អាត្មាអញ ជា បុគ្គលខ្ពង់ខ្ពស់លើលោក អាត្មាអញជាបុគ្គលធំបំផុត លើលោក អាត្មាអញ ជាបុគ្គលប្រសើរបំផុតលើលោកនេះជាកំណើតចុងក្រោយបំផុតរបស់ អាត្មាអញ ឥឡូវនេះ ភពថ្មីពីនេះទៀតមិនមានឡើយ។
២-ក្រោយពី ព្រះសិទ្ធត្ថ រាជា ទ្រង់សាងព្រះផ្នួស អស់៦ឆ្នាំ ទ្រង់បានត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណក្រោមដើមពោធិព្រឹក្ស ក្បែរស្ទឹងនេរញ្ជរា នៅថ្ងៃពុធ ១៥កើត ខែ ពិសាខ ឆ្នាំ រកា មុនពុទ្ធសករាជ៤៥ឆ្នាំ។
៣-ព្រះពុទ្ធទ្រង់ចូលបរិព្វានក្រោមសាលព្រឹក្សទាំងគូ ដោយអនុបាទិ សេសនិព្វានក្នុងនគរកុសិនារា នាថ្ងៃ ១៥ កើត ខែ ពិសាខ ឆ្នាំ ម្សាញ់ មួយថ្ងៃមុនពុទ្ធសករាជ ៕សហការី