ព័ត៌មានទាន់ហេតុការណ៍៖

សពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី នឹងត្រូវ បញ្ចុះនៅស្រុកកំណើតផ្ទាល់

ចែករំលែក៖

ភ្នំពេញ៖ សពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី នឹងត្រូវ បញ្ចុះនៅស្រុកកំណើតផ្ទាល់ស្ថិតនៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃ១៥កើត ខែពិសាខ ឆ្នាំ​ជូត ទោស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ​២០២០។
សពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាក្មេកសម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានតម្កល់​បុណ្យប្រារព្វ ពិធីបុណ្យទក្ខិណានុប្បទានរយះពេល២យប់៣ថ្ងៃ តាមកន្លងប្រពៃណីព្រះពុទ្ធសាសនា នៅភូមិគ្រឹ: លេខ៤១ មហាវិថីសម្តេចសុរាម្រិត សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ គ្រោងនឹងប្រារព្វ ពិធីហែរទៅបញ្ចុះសពនៅស្រុកកំណើតផ្ទាល់របស់ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ស្ថិតនៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃ១៥កើត ខែពិសាខ ឆ្នាំ​ជូត ទោស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ​២០២០។
នៅក្នុងកិច្ចជំរាបលា ជា​លើកចុងក្រោយនោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងលោក លោកស្រី ត្រូវជាកូនបង្កើត កូនប្រសារ ចៅ ចៅទួតទាំង​អស់ បានបូជាទៀនធូបសុំខមាលទោសជាលើកចុង​ក្រោយ នៅចំពោះមុខផ្ទាំងរូបថត និងមជ្ឈូស​តម្កល់​សពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណ​វិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានធ្វើកម្មកិរិយាពីលោកយើងនេះ ទៅកាន់លោកខាងមុខ ដោយជរាពាធ​ក្នុង​ជន្មាយុ៩៦វស្សា។
សូមបញ្ជាក់ថា៖ លោក កឹម សុខា អតីតប្រធាន អតីតគណបក្សសង្គ្រោះជាតិ ក៏បានដឹកនាំសមាជិកចូលគោរពវិញ្ញាណខ័ន្តសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណ​វិវឌ្ឍនា ប៊ុន ស៊ាងលី ម្តាយក្មេកសម្តេចតេជោ ហ៊ុន សែន ផងដែរ ជាមួយការស្វាគមន៍ពីសម្តេច និងជំនួប៤៥នាទី៕ដោយ៖សិលា


ចែករំលែក៖