ភ្នំពេញ៖ ជនជាតិចិនចាប់ជំរិតជនជាតិចិនដូចគ្នាបង្កឲ្យមានការផ្ទុះអាវុធ២គ្រាប់បណ្ដាលឱ្យជនជាតិចិនម្នាក់រងរបួសជាទម្ងន់បញ្ជូនទៅមន្ទីរពេទ្យ និងជនជាតិចិនម្នាក់ទៀតត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤ ទៀបភ្លឺ ថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវមាត់ទន្លេ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជរាជាធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ពាក់ព័ន្ធនឹងករណីនេះគឺជាករណីចាប់ជំរិត នេះបើតាមការប្រាប់របស់អ្នកបកប្រែភាសាចិន ហើយនៅក្នុងហេតុការណ៍នេះក៏មានផ្ទុះអាវុធ ២ គ្រាប់ដែលបង្កឡើងដោយជនដៃដល់បាញ់ទៅលើគូភាគីបណ្ដាលឲ្យបែកកញ្ចក់ឡានស្តារិច រួចក្រុមជនជាតិចិនបានបើកឡានរត់គេចទៅបុកនឹងចិញ្ចើមផ្លូវបណ្ដាលឱ្យខូចខាតខ្ទេច។
ប្រភពព័ត៌មានពីអ្នកបកប្រែភាសាចិនបានឲ្យដឹងថា ក្រុមជនល្មើសបានចាប់ជំរិតជនរងគ្រោះទារប្រាក់ចំនួនជាង៣ម៉ឺនដុល្លារនៅចំណុចកោះពេជ្រ ហើយខ្លួនក៏បានវេរលុយចូលកុងឲ្យជនដៃដល់រួចហើយដែរ ប៉ុន្តែមិនដឹងជាយ៉ាងម៉េចក្រុមជនដៃដល់នៅតែតាមបាញ់ទៀត។
ទោះយ៉ាងណានៅក្នុងហេតុការណ៍នេះគេនៅពុំទាន់ដឹងពីមូលហេតុលម្អិតនៅឡើយទេ គឺរង់ចាំការបញ្ជាក់ពីសមត្ថកិច្ចបន្ថែមទៀត អំពីអត្តសញ្ញាណជនរងគ្រោះ និងជនបង្ក៕ជ្រោយពេជ្រ