ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៉ី! COVID-19 បានស្លាប់អ្នកជំនាញអភិវឌ្ឍយានអវកាស និងរ៉ុក្កែត

ចែករំលែក៖

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាយប់ថ្ងៃអង្គារ ទី០៥ ខែឧសភាឆ្នាំ២០២០ បានចេញផ្សាយថា ខណៈដែលCOVID-19 កំពុងញុំាញីប្រទេសរុស្ស៊ីយ៉ាងគំហុកនោះ ក៏បានស្លាប់អ្នកជំនាញជាន់ខ្ពស់ខាងអភិវឌ្ឍគ្រាប់រ៉ុក្កែត និងយានអវកាសនៃក្រុមហ៊ុន អ៊ែណឺជា រ៉ុក្កែត អ៊ែនស្ពេស(Energia Rocket and Space) របស់ប្រទេសរុស្ស៊ីម្នាក់ គឺលោកយ៉េវហ្គេនី មីករីន (Yevgeny Mikrin) ក្នុងវ័យ៦៥ឆ្នាំ

សេចក្តីប្រកាសអំពីមរណភាពរបស់លោក Yevgeny Mikrin ត្រូវបានធ្វើឡើងដោយអង្គការអវកាសរុស្ស៊ី រ៉ូសខូស្មូស (Roscosmos) នៅក្នុងថ្ងៃអង្គារនេះតែម្តង។ លោក Yevgeny Mikrin ត្រូវបានសារព័ត៌មានក្នុងស្រុករុស្ស៊ីចេញផ្សាយ កាលពីអំឡុងខែមេសា កន្លងទៅនេះថា បានឆ្លងវីរុសកូរ៉ូណាថ្មី

នៅក្នុងសេចក្តីថ្លែងការណ៍របស់អង្គការ រ៉ូសខូស្មូស (Roscosmos) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការលាចាករបស់លោក Mikrin ដែលជាអ្នកវិទ្យាសាស្ត្រផ្នែកមេកានិក និងដំណើរការគ្រប់គ្រងនានា គឺជាការបាត់បង់ដែលមិនអាចជំនួសវិញបានឡើយ សម្រាប់ឧស្សាហកម្មអវកាស និងគ្រាប់រ៉ុក្កែតរបស់រុស្ស៊ី»

លោក Yevgeny Mikrin ត្រូវបានគេដឹងថា បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែង ស្ថិតនៅជាយរដ្ឋធានីម៉ូស្គូ បន្ទាប់ពីលោកត្រូវធ្វើតេស្តពីរលើក និងចេញលទ្ធផលវិជ្ជមាន ចំពោះ COVID-19 កាលពីថ្ងៃទី១៥ខែមេសា ឆ្នាំ២០២០។ សម្រាប់សកម្មភាពចុងក្រោយគឺលោក Mikrin បានទៅបំពេញទស្សនកិច្ចនៅមូលដ្ឋានបាញ់គ្រាប់រ៉ុក្កែត បៃកូនួ ខូស្មូដ្រូម(Baikonur Cosmodrome) ស្ថិតនៅប្រទេសកាហ្សាក់ស្ថាន ដើម្បីពិនិត្យមើលការបាញ់បង្ហោះយាន សូយ៉ូស MS-16 (Soyuz MS-16) ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ៕ដោយ៖ស តារា


ចែករំលែក៖