ព័ត៌មានទាន់ហេតុការណ៍៖

អ្នកវិទ្យាសាស្រ្តផ្តល់អនុសាសន៍ឱ្យមន្ដ្រីនៅមូលដ្ឋានត្រូវតែបន្ដកិច្ចខិតខំប្រឹងប្រែងស្តារគុណភាពទឹកត្រពាំងដែលរងការបំពុលបរិស្ថានខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ អ្នកវិទ្យាសាស្រ្តដែលបានចំណាយពេលសិក្សាទៅលើពពួកសត្វល្អិតនៅក្នុងត្រពាំង ឬ ស្រះមួយចំនួននៅកម្ពុជា បានផ្តល់អនុសាសន៍ឱ្យកម្ពុជា ប្រឹងប្រែងស្តារឡើងវិញនូវ គុណភាពទឹកត្រពាំង ឬ ស្រះដែលរងការបំពុលខ្លាំង ដើម្បីកែលម្អគុណភាពទឹកនៅស្រះ ឬ ត្រពាំងទាំងនោះឡើងវិញ ។ នេះបើ យោងទៅតាមរបាយការណ៍មួយដែលបានផ្សព្វ ផ្សាយដោយព្រឹត្តិបត្រប្រវត្តិធម្មជាតិកម្ពុជា (Cambodian Journal of Natural History) នៃក្រសួងកសិកម្ម ។

    អ្នកវិទ្យាសាស្រ្ដរូបនេះបានលើកឡើងបែបនេះកាលពីថ្ងៃ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ដោយបានបញ្ជាក់ថា៖ យើង (អ្នកសិក្សាស្រាវជ្រាវ) សូមផ្តល់ជាអនុសាសន៍ថា មន្ដ្រីនៅមូលដ្ឋានត្រូវបន្ដកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនូវគុណភាពទឹកនៃត្រពាំង ឬ ស្រះ ដែលរងការបំពុលបរិស្ថានខ្លាំងគួរតែត្រូវបានធ្វើឡើង ដើម្បីធ្វើឱ្យជីវិតក្នុងទឹកត្រពាំង ឬ ស្រះមានភាពសម្បូរបែបឡើងវិញ” ។ 

     អនុសាសន៍ទាំងនេះបានត្រូវធ្វើឡើង ដោយ យោងទៅតាមការសិក្សាស្រាវជ្រាវមួយទៅលើសត្វល្អិតទឹក ដែលជាសូចនាករជីវសាស្រ្តគុណភាពទឹកក្នុងប្រព័ន្ធទឹកធម្មជាតិ និង ពាក់កណ្តាលធម្មជាតិនៅកម្ពុជា ដែលគេបានសិក្សាពីជីវិតសត្វល្អិតទឹក និងទំនាក់ទំនងរបស់ពួកវាទៅនឹងគុណភាពទឹកនៅក្នុងត្រពាំង ឬ ស្រះទឹកចំនួន០៥ នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងប្រទេសកម្ពុជា ។ 

តាមរយៈការសិក្សានោះ គេបានកត់ត្រា និងកំណត់អត្តសញ្ញាណ សត្វល្អិតទឹកសរុបចំនួន ៧.៣៥០ ក្បាល ស្ថិតនៅក្នុង២៣ អម្បូរ និង៦ លំដាប់ ។ នៅក្នុងការសិក្សានោះ លំដាប់ Hemiptera (ភាគច្រើនជាអម្បូរ Micronectidae ) គឺមានវត្តមានលើសលប់ក្នុងសំណាកទាំងអស់ ចំណែកឯអម្បូរ  Ephemer optea និង Lepidoptera គឺមានវត្តមានតិចតួចជាងគេ ។  

   លោកបានបន្តថា ចំនួនប្រភេទ និងចំនួន ឯកត្តៈរបស់សត្វល្អិតទឹកត្រូវបានរកឃើញច្រើនជាងគេនៅក្នុងត្រពាំង ឬស្រះទឹក០២ ដែលមានទីតាំងនៅភាគអគ្នេយ៍នៃសាកលវិទ្យាល័យ ។ កត្តានេះ អាចមកពីត្រពាំងទាំងពីរនោះមានគុណភាពទឹកល្អ និងមានរុក្ខជាតិទឹកច្រើន ។ ត្រពាំងទឹក ដែលមិនបានទ្រទ្រង់ជីវិតសត្វល្អិតច្រើននោះ មានរងនូវការបំពុលទឹក ព្រមទាំងសម្បូរទៅដោយពពួកសត្វល្អិតក្នុងអម្បូរ Micronectidae និង Chironomidae  ដែលជាពពួកសត្វល្អិតធន់នឹងការបំពុល ។ 

    លទ្ធផលនៃការវិភាគបានបង្ហាញថា ចំនួនប្រភេទ និងចំនួន ឯកត្តៈរបស់សត្វល្អិតទឹកគឺមានទំនាក់ទំនងជាវិជ្ជមានជាមួយនឹងកម្រិតអុកស៊ីសែនរលាយនៅក្នុងទឹក ក៏ប៉ុន្តែវាមានទំនាក់ទំនងជាអវិជ្ជមានជាមួយនឹងកម្រិតកករនៅក្នុងទឹក ៕ដោយ៖សំរិត


ចែករំលែក៖