ព័ត៌មានទាន់ហេតុការណ៍៖

តុលាការយោធាចោទប្រកាន់អតីតយោធា ២រូបដាក់ពន្ធនាគារម្នាក់១៩ឆ្នាំ និងម្នាក់ទៀត១៦ឆ្នាំ ពាក់ព័ន្ធនឹងការបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០នេះ លោក ប៉ោក ប៉ន អនុប្រធានតុលាការយោធា និងជាប្រធានអង្គសវនាការ បានប្រកាសសាលក្រមចោទប្រកាន់អតីតយោធា ២រូប ម្នាក់ដាក់ពន្ធនាគារ ១៩ឆ្នាំ និងម្នាក់ទៀត ១៦ឆ្នាំ ពាក់ព័ន្ធនឹងការបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់ (តាមមាត្រា ៤៦៣ នៃក្រមព្រហ្មទណ្ឌរបស់កម្ពុជា) ប្រព្រឹត្តនៅខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។

តាមរយៈការប្រកាសសាលក្រមនៅព្រឹកនេះដែរ អតីតមន្ត្រីយោធាទាំង២រូបនេះ នឹងត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ចាប់ពីថ្ងៃសាលក្រមស្ថាពរត្រូវបានប្រកាសជាផ្លូវការផងដែរ។

ក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការយោធា បានបើកសវនាការជំនុំជម្រះក្តីជាសាធារណៈ លើសំណុំរឿងព្រហ្មទណ្ឌលេខ០០៨ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ដែលមានជនជាប់ចោទ២រូប រួមមាន៖

១-ឈ្មោះ សុខ ប៊ុនធឿន អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា

២-ឈ្មោះ រ័ត្ន ច័ន្ទមន្នី ហៅ ជ័យ មឿន អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា។

ជនទាំងពីរនេះ បានជាប់ចោទពីបទ បង្កើតដោយខុសច្បាប់នូវកងកម្លាំងប្រដាប់អាវុធដោយគ្មានសិទ្ធិ និងគ្មានការអនុញ្ញាតពីអាជ្ញាធរស្របច្បាប់ ប្រព្រឹត្តនៅខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០១៨ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោស តាមមាត្រា ៤៦៣ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា មានប្រជាពលរដ្ឋចំនួន ២៤៤នាក់ ត្រូវបានអតីតយោធាទាំងពីរនាក់នេះ បានបោកប្រាស់ថានឹងបញ្ចូលក្នុងក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ជាថ្នូរនឹងប្រាក់ ដែលពួកគេបានកំណត់៕ជ្រោយពេជ្រ


ចែករំលែក៖