ព័ត៌មានទាន់ហេតុការណ៍៖

៤ថ្ងៃជាប់គ្នាហើយ ដែលរុស្សុីបន្តរកឃើញករណីឆ្លងថ្មីៗនៃ COVID-19 ក្នុងមួយថ្ងៃៗ មានចំនួនជាង១ម៉ឺននាក់

ចែករំលែក៖

ទីក្រុងម៉ូស្គូ៖ ករណីឆ្លងនៅក្នុងប្រទេសរុស្ស៉ី បានកើនដល់១៦៥,៩២៩ករណីហើយ ខណៈដែលរយះពេល៤ថ្ងៃជាប់គ្នាមកហើយ ដែលប្រទេសមួយនេះបន្តរកឃើញករណីឆ្លងថ្មីៗនៃ COVID-19 ក្នុងមួយថ្ងៃៗ មានចំនួនជាង១ម៉ឺននាក់ នេះបើតាមអាជ្ញាធរសុខាភិបាលរុស្សុីនៅថ្ងៃពុធទី០៦ខែឧសភា ឆ្នាំ២០២០

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នាថ្ងៃពុធនេះបាននិយាយថា រកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួនរហូតទៅដល់១០,៥៥៦ករណីបន្ថែមទៀត នៅក្នុងរយៈពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ។ ពោលវាជាថ្ងៃទី៤ជាប់ៗគ្នាមកហើយ ដែលប្រទេសមួយនេះបានស្គាល់អត្រានៃអ្នកឆ្លងប្រចាំថ្ងៃលើសពី១០,០០០ ករណី ដោយក្នុងរយៈពេល ២៤ម៉ោងដូចគ្នានេះ ក្រៅពីករណីឆ្លង រុស្សុីក៏បានកត់ត្រាករណីស្លាប់ថ្មីចំនួន៨៦នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនករណីស្លាប់សរុបនៅទូទាំងប្រទេសរុស្សុីកើនដល់ ,៥៣៧នាក់

សម្រាប់របាយការណ៍ស្តីអំពី ករណីអ្នកជាសះស្បើយវិញ អាជ្ញាធរសុខាភិបាលរុស្សុី បានគូសបញ្ជាក់ថា មានចំនួនសរុប២១,៣២៧ នាក់បន្ទាប់ពីអ្នកជំងឺចំនួន ,៤៦២នាក់ទៀត ទើបតែបានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យកាលពីម្សិលមិញនេះ

សូមជម្រាបថា ដោយឡែករដ្ឋធានីម៉ូស្គូ ដែលជាតំបន់រងគ្រោះខ្លាំងជាងគេប្រចាំប្រទេសរុស្សុី បានបញ្ជាក់ថា ករណីឆ្លងថ្មីចំនួន៥,៨៥៨ នាក់ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងទីក្រុងមួយនេះ បានកើនដល់ទៅ៨៥,៩៧៣ ករណី។

គិតត្រឹមថ្ងៃអង្គារម្សិលមិញ មនុស្សចំនួន២២៧,៧៩២នាក់ កំពុងស្ថិតក្រោមការឃ្លាំមើលតាមបែបវេជ្ជសាស្រ្ត រីឯអ្នកដែលបានធ្វើតេស្តរកជំងឺCOVID-19 នៅទូទាំងប្រទេសរុស្សុី តាមរយៈមន្ទីរពិសោធន៍ បានមាន៤.៦លាននាក់ ៕ដោយ៖ស តារា


ចែករំលែក៖