ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុងដឹកបន្លែផ្លែឈើបែកកង់ក្រឡាប់ស្លាប់ម្តាយនិងកូនអាយុ៣ខែ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ម្តាយនិងកូនស្រីអាយុ៣ខែម្នាក់ បានបាត់បង់ជីវិតគួរឲ្យរន្ធត់បំផុត ចំណែកឪពុកនិងកូនប្រុសអាយុ៨ឆ្នាំម្នាក់បានរងរបួសស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដោយសារតែរថយន្តបែកកង់។ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃពុធ១៥កើតខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃ ទី០៦ ខែឧសភាឆ្នាំ២០២០ ក្រៅទីប្រជុំជននៅលើកំណាត់ផ្លូវជាតិលេខ៦ ខាងលិចស្ពានសាលាក្រៅប្រហែល២០០ម៉ែត្រ ស្ថិតក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោក នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តសួន នីប៉ូ បានប្រាប់ថា៖ ជនរងគ្រោះបើកបររថយន្តឈ្មោះអឿ សំអាត ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បើករថយន្តម៉ាកសាំយ៉ុង
ពណ៌សំបកឪឡឹក ពាក់ស្លាកលេខស្វាយរៀង2A-5859 ដឹកបន្លែ ផ្លែឈើ ជាលក្ខណៈក្រុមគ្រួសារប្រពន្ធនិងកូន សរុបចំនួន៤នាក់ ក្នុងទិសដៅពីលិចទៅកើតពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលិចស្ពានសាលាក្រៅប្រហែល២០០ម៉ែត្រ ស្ថិតក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ រថយន្តបានបែកកង់ក្រោយផ្នែកខាងឆ្វេង បណ្តាលឲ្យរថយន្តរេចង្កូតមកខាងស្តាំដៃធ្លាក់ពីលើថ្នល់ក្រឡាប់ផ្ងារជើងឡើងលើ ធ្វើឲ្យគ្រោះថ្នាក់តែម្ដង។
លោកនាយរងការិយាល័យ បានបញ្ជាក់ទៀតថា ជនរងគ្រោះដែលរងរបួសនិងស្លាប់ ជាក្រុមគ្រួសារអ្នកបើកបររថយន្តមានឈ្មោះ១-អឿន សំអាត ភេទប្រុសអាយុ៣៤ឆ្នាំ,២-ឈ្មោះអាត ស៊ីវហួរ ភេទប្រុសអាយុ៨ឆ្នាំ ទាំង២នាក់ឪពុកនិងកូនរងរបួសស្រាល,៣-ឈ្មោះវុទ្ធី សូរិយា ភេទស្រី អាយុ២៨ឆ្នាំ របួសធ្ងន់ ក្រោយមកបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ,៤-ឈ្មោះអាត ស៊ីវមាន ភេទស្រី អាយុ៣ខែ ស្លាប់ភ្លាមៗនៅនឹងកន្លែង កើតហេតុ។
ក្រោយពីកើតហេតុកម្លាំងនគរបាលជំនាញខេត្ត បានចុះទៅដល់ធ្វើការត្រួពិនិត្យ និងដឹកសពជនរងគ្រោះទៅគេហដ្ឋាននៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើបុណ្យតាមប្រពៃណី។ចំពោះមូលហេតុ ដឹកលើសចំណុះបណ្ដាលឲ្យ រថយន្តបែកកង់ កើតមានគ្រោះថ្នាក់តែម្តង៕

ដោយ៖វណ្ណា


ចែករំលែក៖