ព័ត៌មានទាន់ហេតុការណ៍៖

ទោះជំងឺឆ្លងCOVID-19 ដ៏កាចសាហាវកំពុងអុកឡុកពិភពលោកក៏ដោយ តែលីប៊ីទាំងពីរភាគីនៅតែបន្តសង្គ្រាមបង្ហូរឈាមគ្នា

ចែករំលែក៖

ក្រុងទ្រីប៉ូលី៖ បើទោះបីពិភពលោកទាំងមូល កំពុងរងគ្រោះដោយសារជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 យ៉ាងណាក៏ដោយ ប៉ុន្តែគូបដិបក្សក្នុងសង្រ្គាមបង្ហូរឈាមនៅប្រទេសលីប៊ី នៅតែបន្តប្រយុទ្ធគ្នាឥតឈប់ឈរដដែល

អ្នកនាំពាក្យកងទ័ពរដ្ឋាភិបាល GNA បានឲ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសចំនួន ០៩លើក ត្រូវបានធ្វើឡើងទៅលើ មូលដ្ឋានទ័ពអាកាសមួយកន្លែងរបស់កងទ័ព LNA នៅភាគនិរតីនៃប្រទេសលីប៊ី និង០៣លើកទៀតទៅលើក្បួនរថយន្តដឹកឥន្ធនៈ របស់កងកម្លាំង LNA

ដោយឡែក ខាងយោធា LNA បានប្រកាសឲ្យដឹងវិញថា កងយន្តហោះចម្បាំងរបស់ខ្លួន បានធ្វើសកម្មភាពវាយប្រហារ ទៅលើទីតាំងរបស់កងកម្លាំងរដ្ឋាភិបាល NGA នៅក្បែរទីក្រុង មីសួរ៉ាតា (Misurata) ដែលស្ថិតនៅចម្ងាយប្រមាណ ២០០គីឡូម៉ែត្រភាគខាងកើតទីក្រុងទ្រីប៉ូលី។

បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃសុក្រទី០៨ ខែឧសភា ឆ្នាំ២០២០នេះថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ទាំងខាងរដ្ឋាភិបាលលីប៊ី GNA និងខាងកងកម្លាំងយោធា LNA សុទ្ធតែបានប្រកាសពីការធ្វើប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសយ៉ាងក្តៅគគុកដាក់គ្នាទៅវិញទៅមក។

គួរបញ្ជាក់ថា សង្រ្គាមបង្ហូរឈាមជាតិសាសន៍ឯងមួយនេះ បានផ្តាច់ជីវិតនិងបង្កឲ្យរបួសមនុស្សរាប់ពាន់នាក់ ខណៈរាប់សិបម៉ឺននាក់ត្រូវព្រាត់ប្រាស់ផ្ទះសម្បែង។ ដោយកងកម្លាំងយោធា LNA ដែលមានមូលដ្ឋាននៅភាគខាងកើតលីប៊ី បានបើកយុទ្ធនាការយោធាដើម្បីដណ្តើមកាន់កាប់ទីក្រុងទ្រីប៉ូលី និងផ្តួលរំលំរដ្ឋាភិបាល GNA ដែលត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិ (UN) តាំងតែពីខែមេសាឆ្នាំ២០១៩ មកម្ល៉េះ។

ជម្លោះប្រដាប់អាវុធនៅលីប៊ីនេះ ខាងអង្គការសហប្រជាជាតិ (UN) បានបន្តទទូចហើយទទូចទៀតឲ្យភាគីទាំងសងខាង បញ្ឈប់សកម្មភាពយោធារៀងៗខ្លួន ហើយស្វែងរកដំណោះស្រាយដោយសន្តិភាព ជាពិសេសនៅខណៈដែលជំងឺឆ្លងដ៏កាចសាហាវ COVID-19 កំពុងតែអុកឡុកពិភពលោក ៕ដោយ៖ស តារា


ចែករំលែក៖