ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់កម្មករកម្មការិនីប្រុសស្រី៨នាក់បានរងរបួសធ្ងន់ស្រាល៨នាក់និងម៉ូតូជាច្រើនគ្រឿងរងការខូចខាតដោយសារករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តពាក់ស្លាកលេខរដ្ឋបុកជាមួយរថយន្តក្រឡុកស៊ីម៉ង់ត៍បណ្ដាលអោយបែកកង់រ៉េចង្កូតបុករះម៉ូតូបញ្រ្ចាស់គ្នាកាលពីវេលាម៉ោងជាង ៤រសៀលថ្ងៃ ទី៨ខែឧសភាឆ្នាំ ២០២០ ស្ថិតលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិសាមគ្គីសង្កាត់ច្រកម្ទេសក្រុងបាវិតខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា ចំពោះម្ចាស់រថយន្តពាក់ស្លាកលេខរដ្ឋបង្កហេតុក្រោយពីឃើញ សភាពការណ៏មិនស្រួលបើកទ្វាររថយន្តរត់គេចខ្លួនភ្លាមៗ។
ចំណែកកម្មករកម្មការិនីប្រុសស្រី៨នាក់បានរងរបួសធ្ងន់ស្រាល៨នាក់ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីពេទ្យបង្អែកជីភូក្រុងបាវិតផងដែរ។
តាមប្រភពសាក្សីបានអោយដឹងថាមុនកើតហេតុគេឃើញរថយន្តមួយគ្រឿងពាក់ស្លាកលេខរដ្ឋ ១៣ ២ .០៨៦៧បើកក្នុងទិសដៅពីលិចមកកើត លើកំណាត់ផ្លូវជាតិលេខ១ខណះ នោះមានរថយន្តក្រឡុកស៊ីម៉ង់ត៍បើកបញ្រ្ចាស់គ្នាក៏បុកយ៉ាងពេញទំហឹង បណ្ដាលអោយរថយន្តពាក់ស្លាកលេខរដ្ឋបែកកង់រួចក៏រ៉េចង្កូតបុករះម៉ូតូរបស់កម្មករកម្មការិនីកំពុងជិះតាមផ្លូវបណ្ដាលឲ្យដួលរណូករណែលពេញផ្លូវបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលក្រុងបាវិតបានមកដល់ចុះវាស់វែងនិងអូសយករថយន្តនិងម៉ូតូ៦គ្រឿងមករក្សាទុកដើម្បីដោះស្រាយពេលក្រោយបន្តទៀត។
បើតាមសមត្ថកិច្ចនគរបាលបានបង្ហើបអោយដឹងថារថយន្តពាក់ស្លាកលេខរដ្ឋ គឺជារបស់អង្គភាព អគ្គីសនីសាខាស្រុកកំពង់រោទ៍ផងដែរ។ដោយ៖យឹម សុថាន