ភ្នំពេញ៖ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការធ្វើចរាចរណ៍និងរៀបចំសណ្តាប់ធ្នាប់នៅលើដងផ្លូវនានាក្នុងភូមិសាស្ត្រខណ្ឌឱ្យមានរបៀបរៀបរយនោះ ពេញមួយព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ អាជ្ញាធរខណ្ឌច្បារអំពៅបានចុះបោសសម្អាតផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់ព្រំប្រទល់សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
ដោយមានការណែនាំពីលោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ លោកស្រេង គឹមស្រ៊ន នាយករងរដ្ឋបាលសាលាខណ្ឌ បានដឹកនាំកម្លាំងសន្តិសុខសណ្តាប់ធ្នាប់ប្រចាំសាលាខណ្ឌចុះ រៀបចំសណ្តាប់ធ្នាប់និងសម្អាតបរិស្ថានដោយបានកើបដីខ្សាច់ចេញពីលើផ្លូវជាតិលេខ១ ដែលខ្សាច់ទាំងនេះធ្លាក់ចេញពីរថយន្តដឹកខ្សាច់បើកចេញពីដេប៉ូលក់ខ្សាច់និងបូមខ្សាច់នៅចំណុចភូមិបឹងស្នោ សង្កាត់និរោធ ។ ក្នុងនោះក្រុមសន្តិសុខប្រចាំនៅសាលាខណ្ឌច្បារអំពៅបាននាំគ្នាបោសសម្អាតដីខ្សាច់ដែលធ្លាក់មកលើផ្លូវ ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និង ចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវជាតិលេខ១ ជាពិសេសនៅតំបន់ស្មុគស្មាញ ដូចជាផ្សារព្រែកឯង និងផ្សារច្បារអំពៅជាដើម ។ ដីខ្សាច់ទាំងអស់នេះធ្លាក់ចេញពីឡានដឹកខ្សាច់ និងឡានដីកដី ព្រោះនៅក្នុងភូមិសាស្ត្រសង្កាត់និរោធ និងសង្កាត់វាលស្បូវ សំបូរទៅដោយដេប៉ូលក់ខ្សាច់និងទីតាំងក្រឡុកស៉ីម៉ងត៍ ។
សូមបញ្ជាក់ថា បញ្ហាសណ្តាប់ បរិស្ថាន អនាម័យ នៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅមានភាពស្មុគស្មាញគឺនៅតាមបណ្តោយផ្លូវលេខ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់តំបន់ច្រាំងបាក់គឺសំបូរទៅដោយដេប៉ូលក់ឈើហើយរថយន្តដឹកឈើ ចូលចតទាំងថ្ងៃទាំងយប់ និងមួយផ្នែកទៀតនៅតំបន់ផ្សារចាម ក្នុងសង្កាត់ព្រែកប្រាក៏កំពុងតែធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ផងដែរ ។ ដោយឡែកនៅតាមបណ្តោយផ្លូវជាតិលេខ១ ដែលជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់មានភ្ញៀវទេសចរអន្តរជាតិឆ្លងកាត់ជារៀងរាល់ថ្ងៃនោះ ត្រូវបានអាជ្ញាធរខណ្ឌច្បារអំពៅយកចិត្តទុកដាក់ចុះរៀបចំសណ្តាប់ធ្នាប់ជាប្រចាំ ។ ទោះជាមានការយកចិត្តទុកដាក់ក្នុងការរៀបចំសណ្តាប់ធ្នាប់និងបរិស្ថានអនាម័យយ៉ាងណាក៍ដោយ ក៏អ្នកលក់ដូរមួយចំនួននៅមិនទាន់ចូលរួមជាមួយអាជ្ញាធរឡើយ ពោលគឺនៅតែរំលោភលើដីចំណីផ្លូវដាក់តាំងលក់ទំនិញសព្វសារពើដដែល ជាពិសេសក្នុងសង្កាត់វាលស្បូវ និងសង្កាត់ព្រែកឯង មកដល់ថ្ងៃនេះចិញ្ចើមផ្លូវជាតិលេខ១នៅក្នុងសង្កាត់វាលស្បូវនិងសង្កាត់ព្រែកឯងមិនទាន់មានសណ្តាប់ធ្នាប់នៅឡើយទេ ៕ដោយ៖ សណ្តោស