ភ្នំពេញ៖នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញមុខបញ្ជាក់ច្បាស់ៗថា «គ្មានការលើកពេលពិន័យឡាន ម៉ូតូ ដែលគ្មានបណ្ណបើកបរ» ដូចការផ្សព្វផ្សាយ នាពេលថ្មីៗនេះទេ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន , អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងថា ចាប់តាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ រហូតមកទល់ពេលនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ពុំបានប្រកាសឬដាក់ចេញនូវគោលការណ៍ពន្យា ឬ លើកពេលក្នុងការត្រួតពិនិត្យ និង ពិន័យចំពោះករណីគ្មានបណ្ណបើកបរនោះទេ ហើយកិច្ចការនេះ ត្រូវបាននិងកំពុងបន្តចាត់តាំងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងទៀតថា ខ្លឹមសារដែលបានផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម Youtube នោះ គឺ ជាខ្លឹមសារនៃបទអន្តរាគន៍របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់ទុកថា ការផ្សព្វផ្សាយនេះ គឺ មានចេតនាបង្កការរាំងស្ទះដល់ការអនុវត្តច្បាប់របស់សមត្ថកិច្ច និង មានឥទ្ធិពលអវិជ្ជមានដល់បរិយាកាសសង្គមទៀតផង ៕ដោយ៖ចេស្ដា