ខេត្តពោធិ៍សាត់៖ ក្រោយពីសម្តេចតេជោ ហ៊ុន សែន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៥៥ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់រួចមកឃើញថា៖ សមិទ្ធផលមួយនេះ ក្លាយជាការទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ ធ្វើដំណើរឆ្លងកាត់មិនចេះជិនណាយ ព្រោះចង់គយគន់ សម្រស់ធម្មជាតិនៅទីនោះជាប់ក្រសែភ្នែក ហើយដឹងគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឱ្យតំបន់សមរភូមិក្លាយជាតំបន់អភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ។
ក្នុងនោះដែរ អ្នកធ្វើដំណើរ អ្នកភូមិ ហាក់មិនច្បាស់ថា តើតំបន់ភ្នំធម្មជាតិមួយនេះមានឈ្មោះអីឱ្យពិតប្រាកដ ..! តើឈ្មោះភ្នំ១០០៥ ឬ ភ្នំ១៥០០ ? មួយណាជាឈ្មោះផ្លូវការ..ឬផ្លូវបុប្ផាលាក់ខ្លួន..?
សូមរម្លឹកនឹងស្វែងយល់បន្តិច៖
១-ប្រវត្តិឈ្មោះភ្នំ១០០៥ គឺហៅតាមផែនទីភូមិសាស្រ្ត របស់ទាហានកាលពីសង្គ្រាមជាមួយខ្មែរក្រហម។
២-ប្រវត្តិឈ្មោះភ្នំ១៥០០ គឺហៅតាមការកំណត់កម្ពស់ភ្នំធៀបជាមួយនីវ៉ូទឹកសមុទ្រ តែកម្ពស់ពិតប្រាកដមិនមែន១៥០០ម៉ែត្រទេ គឺ១៦០០ម៉ែត្រ ហើយត្រង់ចំណុចផ្លូវអន្ទង់អាំងមានកម្ពស់ប្រមាណតែ៩០០ម៉ែត្រប៉ុណ្ណោះ។
ឥឡូវដឹងចម្លើយច្បាស់ហើយ គឺភ្នំ១៥០០ ជាឈ្មោះប្រើផ្លូវការ តាមរយៈបង្គោលគីឡូម៉ែត្រនៅតាមផ្លួវជាតិលេខ៥៥។
សូមបញ្ជាក់៖ ភ្នំ១៥០០គឺបង្ហាញសម្រស់នៅលើផ្លូវជាតិលេខ ៥៥ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ដែលមានសម្រស់ស្រស់ត្រកាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន។
ផ្លូវជាតិលេខ ៥៥ ប្រវែងសរុប ១៨២,១៦ គ.ម ចាប់ពីខេត្តពោធិ៍សាត់ (ផ្លូវជាតិលេខ ៥ គីឡូម៉ែត្រលេខ ១៩១) ទៅដល់ វាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ) ដែលសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ស្របជាមួយការបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ ១០ ប្រវែងសរុប ១៩៨,៧១ គ.ម ចាប់ពី ខេត្តបាត់ដំបង (សំឡូត) កាត់ខេត្តពោធិ៍សាត់ (វាលវែង) ទៅដល់ខេត្តកោះកុង(ក្រុងខេមរភូមិន្ទ) កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ សុខ ខេមរា