ប៉េកាំង៖ ពេញមួយថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសចិនបានរកឃើញករណីឆ្លងថ្មី នៃជំងឺ COVID-19 ចំនួន ១៧ករណីបន្ថែមទៀត ដោយក្នុងនោះមាន ០៧ ករណីជាករណីនាំចូលពីក្រៅប្រទេស និង ១០ករណីទៀត ជាករណីឆ្លងក្នុងស្រុកតែម្តង។ នេះបើតាមការឲ្យដឹងពីអាជ្ញាធរសុខាភិបាលចិននៅព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ និងតាមការផ្សាយដោយ ទីភ្នាក់ ងារព័ត៌មានចិនស៊ីនហួរ។
របាយការណ៍បញ្ជាក់ថា សម្រាប់ ៧ករណីឆ្លងថ្មី ដែលជាករណីនាំចូលពីខាងក្រៅនេះត្រូវបានរាយការណ៍ចេញពីតំបន់ស្វយ័ត អ៉ីនណឺ ម៉ុងហ្គោលី (Inner Mongolia) ទាំងអស់។ ជាសរុបចំនួនករណីនាំចូលពីក្រៅប្រទេស បានកើនដល់ ១,៦៩០ករណីហើយ ដោយក្នុងនោះមានអ្នកជំងឺចំនួន ១,៥៩១នាក់ បានជាសះស្បើយឡើងវិញ ខណៈ ៩៩នាក់ ផ្សេងទៀងកំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យនៅឡើយ។ ក្នុងនោះ ០៣នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរតែមិនមានករណីស្លាប់ក្នុងចំណោមករណីនាំចូលទាំងនោះទេ។
ដោយឡែក ក្នុងចំណោម ១០ករណីទៀត ដែលជាករណីឆ្លងក្នុងស្រុក មាន ០៥ករណីត្រូវបានរាយការណ៍ចេញពីខេត្តហ៊ូប៉ី (Hubei), ០៣ករណីនៅខេត្តជីលីន (Jilin), ០១ករណីនៅខេត្តឡៅនីង (Liaoning) និង ០១ករណីចុងក្រោយនៅខេត្តហីឡុងជាំង (Heilongjiang)។
សម្រាប់របាយការណ៍ប្រចាំថ្ងៃ ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញ ក្រសួងសុខាភិបាលចិនបានបង្ហាញឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៨,១៤៤នាក់ហើយបន្ទាប់ពីអ្នកជំងឺចំនួន ២៤នាក់បន្ថែមទៀត ទើបតែបានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យកាលពីថ្ងៃអាទិត្យម្សិលមិញនេះ៕ដោយ÷ប្រាថ្នា