ខេត្តបន្ទាយមានជ័យ៖ អគ្គិភ័យបានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នង ដែលទុកចោលគ្មានមនុស្សស្នាក់នៅកាលពីវេលាម៉ោង១១និង២៥នាទីយប់ថ្ងៃទី១១ខែឧសភា ឆ្នាំ២០២០ នៅចំណុចខាងក្រោយវិទ្យាល័យសិរីសោភ័ណ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
តាមការបញ្ជាក់របស់លោកស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ផ្ទះដែលឆេះមានទំហំ៨មx៥ម មានម្ចាស់ផ្ទះឈ្មោះទិន ទៀង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំពោះសម្ភារដែលខូចខាតគឺឆេះគ្រឿងម៉ូតូចាស់ៗនៅក្បែរផ្ទះបន្តិចបន្តួចតែប៉ុណ្ណោះ។
ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានគរបាលក្រុងចំនួន១គ្រឿងប្រើប្រាស់ទឹកអស់១ឡាន ទើបគ្រប់គ្រងស្ថានការណ៍បានដោយភ្លើងមិនអាចឆ្លងរាលដាលទៅផ្ទះអ្នកជិតខាងបានឡើយ គឺប្រើប្រាស់ពេលវេលាជាង១ម៉ោងប៉ុណ្ណោះ ។ ចំពោះមូលហេតុនៃការឆាបឆេះ ជំនាញកំពុងធ្វើការស្រាវជ្រាវ៕ ដោយ៖វណ្ណា