ខេត្តសៀមរាប ៖លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យាន អង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា នៅក្នុងតំបន់រមណីយ ដ្ឋានអង្គរ ក្រៅពីមានប្រាង្គប្រាសាទជាមរតកដ៏មានតម្លៃ និងជាបេតិកភណ្ឌពិភពលោក មិនអាចកាត់ថ្លៃបានហើយនោះ ក៏ជាកន្លែងប្រមូលផ្តុំដោយវប្បធម៌រូបី និងអរូបីផងដែរ។ មានទំនៀមទម្លាប់ជំនឿជាច្រើនត្រូវបានប្រជាជនក្នុងតំបន់អង្គរនៅតែឱ្យតម្លៃ និងបន្តប្រតិបត្តិ យ៉ាងខ្ជាប់ខ្ជួន រហូតដល់សព្វថ្ងៃក្នុងជីវភាពរស់នៅរបស់ពួកគាត់។
កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ប្រជាពលរដ្ឋនៅក្នុង ស្រុកប្រាសាទ បាគង ខេត្តសៀមរាប បានជួបជុំគ្នាលើប្រាសាទបាគង ដើម្បីធ្វើពិធីបួងសួងសុំទឹកភ្លៀងដោយ មានការលេងនាងមែវ ដោយយកឆ្មាដាក់ក្នុងទ្រុង ហើយហែតាមផ្លូវមានការបាចទឹក ពេលខ្លះគេយកមនុស្សតំណាងឱ្យឆ្មា ការបញ្ចូលមេមត់ ដែលគេធ្វើពិធីនេះ ដើម្បីអញ្ជើញ រូបអារក្សអ្នកតាម្ចាស់ទឹកម្ចាស់ដី អ្នកមានបុណ្យបារមីគ្រប់ទីកន្លែងដែលរក្សាភូមិស្រុក ប្រាសាទនានាឱ្យមករាំ និងហូបចំណីអាហារដែលកូនចៅដាក់សែនព្រេនឱ្យ ក៏ដូចជាសួរនាំរូប ដែលចូលសណ្ឋិតថា ចង់ហូបអី ត្រូវការអី និងសុំឱ្យពួកគាត់ជួយថែរក្សាកូនចៅ និងសុំឱ្យមានភ្លៀងធ្លាក់សម្រាប់ប្រជាពលរដ្ឋបង្កបង្កើនផល។
លោក អ៊ឹម សុខរិទ្ធី បន្តថា អាជ្ញាធរអប្សរាតែងតែគាំទ្រជានិច្ច ព្រមទាំងចូលរួមយ៉ាង សកម្មជាមួយអ្នកស្រុកដើម្បីរក្សាជំនឿទាំងនេះផងដែរ។ ពិធីនេះដែរក៏បានធ្វើតាម ទម្លាប់តាំងពីបុរាណ ឱ្យតែដល់ខែពិសាខ គឺប្រជាពលរដ្ឋនៅក្នុងរមណីយដ្ឋាន អង្គរតែងរៀបចំពិធីបួងសួងសុំទឹកភ្លៀង ឱ្យភ្លៀងធ្លាក់គ្រប់គ្រាន់ ដើម្បីស្រោចស្រពផែនដី ឱ្យប្រជាជនបានធ្វើស្រែចម្ការ និងរុក្ខជាតិ សត្វទាំងពួងរស់បានសុខស្រួល។
ជាការកត់សម្គាល់ បន្ទាប់ពីធ្វើពិធីបួងសួងសុំទឹកភ្លៀងដែលជាជំនឿរបស់ប្រជាពលរដ្ឋ នៅអង្គរបានបញ្ចប់នៅល្ងាចមិញ លុះព្រឹកឡើងគេឃើញថាមេឃមានពពកខ្មៅមានផ្លេក បន្ទោរ និងមានភ្លៀងធ្លាក់ពីតិចទៅច្រើន នៅតាមតំបន់នានាក្នុងខេត្តសៀមរាបបង្ហាញថា ពិធីនេះមានប្រសិទ្ធភាព គឺអ្នកស្រុកមានសង្ឃឹមខ្លាំង៕ ដោយ៖ហេង សូរិយា