ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ឪពុក រំលោភកូនចុងជាអនីតិជនជាច្រើនឆ្នាំមកហើយ

ចែករំលែក៖

ខេត្តរតនគិរី ៖ បុរសម្នាក់ ជាឪពុកចុង ត្រូវកម្លាំងអធិការនគរបាលស្រុកលំផាត់ សហការជាមួយកម្លាំងប៉ុស្តិ៍បាតាង ចុះឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើអនីតិជន(ជាកូនចុង)ច្រើនឆ្នាំមក ហើយ បន្ទាប់ពីបែកធ្លាយឪពុកខាងលើឈ្លោះជាមួយម្តាយរបស់នាង។

បុរសចាឪពុកចុងត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង១២និង៣០ នាទីថ្ងៃត្រង់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិចាងរ៉ា ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។

អធិការរងទទួលផែនព្រហ្មទណ្ឌស្រុកលំផាត់ លោក នៅ សារ៉ាយ បានឲ្យ ដឹងនៅរសៀលថ្ងៃទី១១ឧសភានេះថា ឪពុកចុង បានឈ្លោះប្រកែកជាមួយម្ដាយបង្កើតរបស់នាងយ៉ាងខ្លាំង។ ក្រោយមកនាងក៏បានភ័យស្លន់ស្លោរត់ចេញពីផ្ទះទៅនៅជាមួយលោកយាយ មីង និងពូ។ ពេលនោះពូមីងក៏បានសួរទៅក្មួយស្រីរបស់ខ្លួនថា? ម៉េចបានជាភ័យខ្លាំងម្ល៉េះ មានរឿងអីទៅក្មួយ? ក្មួយស្រីក៏បានប្រាប់ទៅពូមីងថា ឪពុកខ្ញុំបានឈ្លោះជាមួយម៉ែ។ រឿងមួយទៀត ពុកបានចាប់រំលោភខ្ញុំផងដែរ ឮដូច្នេះ ពូមីង ក៏បានដាក់ពាក្យបណ្តឹងទៅអធិការនគរបាលស្រុកលំផាត់ ប៉ុន្តែម្តាយមិនបានប្តឹងទៅសមត្ថកិច្ចទេ។

អធិការរងរូបនេះបានបន្តថា ក្រោយពីទទួលពាក្យបណ្ដឹងរួចមក កម្លាំងប៉ុស្តិ៍ បានឃាត់ខ្លួនឪពុកចុងដើម្បីយកមកសាកសួរនៅអធិការស្រុកលំផាត់ភ្លាមៗ ។ ប៉ុន្តែឪពុកចុងមិនបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចឡើយ ។ ដោយឡែក ក្មេងស្រីរងគ្រោះបានឆ្លើយប្រាប់នៅមុខសមត្ថកិច្ចថា មិនចាំថ្ងៃខែដែលឪពុកចុងរំលោភកាលពីអំឡុងឆ្នាំ២០១៨ និងឆ្នាំ២០១៩នោះទេ។ មកដល់ឆ្នាំ២០២០នេះ នាងដឹងថា នៅក្នុងខែ១ និងខែ២ ដែលឪពុកចុងចាប់រំលោភ ក្នុងព្រៃ។ មិនចាំទីកន្លែងរំលោភនោះទេ ដោយច្រើនទីកន្លែងពេក ចាប់ពីឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២០នេះ។

លោកអធិការរងបន្តថា ជនសង្ស័យ(ឪពុកចុង)ឈ្មោះ ប្រាជ្ញ សុវណ្ណ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ មុខរបរកម្មករចៀរជ័រកៅស៊ូ។ រីឯជនរងគ្រោះ(កូនចុង) ឈ្មោះ ធ ជ អាយុ០៩ឆ្នាំ ជនជាតិទំពួន រស់នៅភូមិ/ឃុំកើតហេតុជាមួយគ្នា។ ប៉ុន្តែក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចយកមកមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីធ្វើកោសល្យវិច័យផងដែរ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត និងផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕ដោយ៖ នរិន្ទ្រ


ចែករំលែក៖