ព័ត៌មានទាន់ហេតុការណ៍៖

អាចកន្ទេលធំបន្លំដេក ខណៈវៀតណាមសាងសង់សំណង់រឹងមាំលើប្រព័ន្ឋលូបង្ហូរទឹកនិងចំណីផ្លូវ ចំកណ្តាលក្រុងកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ទាំងអាជ្ញាធរ ទាំងភូមិបាលក្រុង ទាំងអង្គភាពមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ព្រមទាំងគណៈបញ្ជាការឯកភាពខេត្តផងដែរ មិនត្រូវខ្វៈការទទួលខុសត្រូវ ឈានដល់ទុកឱកាសអោយជនជាតិវៀតណាម សាងសង់សំណង់ផ្ទះល្វែងរឹងមាំលើប្រព័ន្ឋលូបង្ហូរទឹកនិងចំណីផ្លូវ ចំកណ្តាលក្រុងកំពង់ឆ្នាំង បែបនេះទេ..! បើគ្មានវិធានបង្ក្រាបលើសំណង់អត់ច្បាប់ នឹងមិនធ្វើតាមនីវិធីបង្កើតគណៈកម្មការព្រួតពិនិត្យវាយកំទេចចោលទេ នោះនឹងមានមជ្ឈដ្ឋានប្រជាពលរដ្ឋរិៈគន់ថា៖ ប្រាកដជា «អាចកន្ទេលធំបន្លំដេក » ឬដោយសារឥទ្ធិពលទឹកលុយម្ចាស់សំណង់របស់ជនជាតិវៀតណាមនេះ ទើបហ៊ានសង់ផ្ទះទាំងបំពាន ដោយគ្មានច្បាប់អនុញ្ញាត នៅក្រុងកំពង់ឆ្នាំង ហើយធ្វើចំពោះក្រសែភ្នែក ទាំងអាជ្ញាធរ ទាំងភូមិបាលក្រុង ទាំងអង្គភាពមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ព្រមទាំងគណៈបញ្ជាការឯកភាពខេត្ត នោះតែម្តង។

ប្រជាពលរដ្ឋបានរាយការណ៍មកថា៖ សំណង់ផ្ទះល្វែង មានម្ចាស់ជាជនជាតិវៀតណាម បានសង់សំណង់បានជាង៧០ភាគរយទៅហើយ ដែលពុំមានច្បាប់អនុញ្ញាតពី អាជ្ញាធរក្រុង និង មន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដី។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងនេះបានអោយដឹងថា៖ កន្លងមកគេឃើញមានអាជ្ញាធរក្រុង និង មន្រ្តីជំនាញ ចុះមកហាមឃាត់ កុំអោយសាងសង់ដែរ ក្រោយមកពីអាជ្ញាធរចុះហាមឃាត់ គេឃើញម្ចាស់សំណង់បានផ្អាកសាងសង់២ទៅ៣ថ្ងៃក្រោយមក ក៏ឃើញម្ចាស់សំណង់ដែលជាជនជាតិវៀតណាមនេះធ្វើឡើងវិញធម្មតា ធ្វើខ្ពស់ និង រឹងមាំជាងសំណង់ចាស់ដែលបានសង់ពីលើកមុនទៅទៀត ។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងទៀតថា ៖ សំណង់របស់ជនជាតិវៀតណាមម្នាក់នេះ មានអ្នកមានលុយម្នាក់ដែលត្រូវជាកូនប្រសារគាត់ ជាអ្នករស់នៅភ្នំពេញជាអ្នករត់ការសាងសង់ បើទោះបីជាគ្មានច្បាប់អនុញ្ញាតយ៉ាងណាក៏ដោយ ក៏ជនជាតិវៀតណាមនោះហ៊ានធ្វើទាំងបំពាន ដែលគេសង្ស័យថា កើតឡើងដោយអំពើឃុបឃិតរវាងម្ចាស់សំណង់ និងអាជ្ញាធរ ជំនាញ តាមរយៈអំណាចនៃទឹកលុយ សំណង់នេះចេះតែបន្តធ្វើរហូត ហើយត្រឹមមន្រ្តីអាជ្ញាធរក្រុង និង មន្រ្តីជំនាញតូចតាចមិនអាចទៅក្បែរសំណង់នេះបាននោះទេ ។
ពាក់ព័ន្ធនិងករណីនេះ លោក លីសុភា ប្រធាមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តកំពង់ឆ្នាំង បាន អោយដឹងថា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ថា៖ សំណង់នេះខាងមន្ទីរពុំបានចេញច្បាប់នអនុញ្ញាតឲ្យមានការសាងសង់សំណង់លើប្រព័ន្ឋលូបង្ហូរទឹកនិងចំណីផ្លូវនោះទេ ។ នៅមុនពេលសាងសង់ខាងមន្ទីរក៏បានចេញលិខិតជូនដំណឹងដល់ម្ចាស់សំណង់នេះពីរទៅបីលើកមកដែរ ប៉ុន្តែមិនដឹងជាយ៉ាងម៉េចទើបសំណង់នេះអាចសាងសង់ឡើងបាន ។ លោកប្រធានមន្ទីរបានអោយដឹងទៀតថា៖ រាល់សំណង់ដែលត្រឹមត្រូវតាមលក្ខណៈច្បាប់ ដែលមានទំហំត្រឹម១០០ម៉ែត្រការ៉េ ដែលមានកំពស់ត្រឹម៤ជាន់ចុះក្រោម នោះជាសមត្ថកិច្ចរបស់ច្រកចេញចូល នៅក្រុងកំពង់ឆ្នាំង ។
ដោយឡែក លោក យិនសាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានប្រាប់អោយដឹងថា៖ កន្លងមកខាងអាជ្ញាធរក្រុងក៏ធ្លាប់បានណែនាំដល់ម្ចាស់សំណង់ជាញឹកញាប់ណាស់ដែរ គឺចាប់តាំងពីសំណង់ធ្វើដំបូងមកម្លេះ តែម្ចាស់សំណង់នៅសង់ដោយមិនស្តាប់អាជ្ញាធរនោះទេ ហើយនៅពេលនេះសមត្ថកិច្ចចម្រុះបានចុះធ្វើការផ្អាកសំណង់រឹងខាងលើនេះ ហើយដើម្បីរងចាំមន្រ្តីជំនាញធ្វើការតហរួតពិនិត្យបន្ត ។
កន្លងមកប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនេះក៏តែងបានរិះគន់ចំពោះម្ចាស់សំណង់ជនជាតិវៀតណាមមួយនេះដែរ ដែលបង្កបញ្ហាលើសណ្តាប់ធ្នាប់ ដូចជាចាក់ដីពំនូកខ្សាច់ គរ នៅមុខសំណង់ហៀរមកលើផ្លូវសាធារណៈ ប៉ះពាល់ដល់ការធ្វើចរាចរណ៍តាមផ្លូវ សារធារណៈ ពេលខ្លះអ្នកជិះម៉ូតូពេលមកដល់ទីនេះរអិលដួល ដោយសាដីខ្សាច់នេះផងដែរ ទោះបីជារងផលប៉ះពាល់យ៉ាងណាដល់អ្នកធ្វើដំណើរ ក៍ម្ចាស់សំណង់ដ៏មានឥទ្ធិពលនេះមិនខ្លាចក្រែងរអានោះដែរ ។ មជ្ឈដ្ឋាននានាកំពុងរង់ចាំមើលថា តើម្ចាស់សំណង់ជនជាតិវៀតណាមដែលមានលុយដ៏មហាសាលនេះ នឹងបន្តសាងសង់សំណង់អត់ច្បាប់រហូតដល់ពេលណា ហើយអាជ្ញាធរ និង ជំនាញ នឹងប្រើកណ្តាប់ដៃដែកយ៉ាណាក្នុងកាពង្រឹងនៃការអនុវត្តច្បាប់នោះអោយបានស្មើភាពគ្នា។
មន្ត្រីបានលើកឡើងថា៖ នេះជាកំហុសរបស់អាជ្ញាធរ ,ភូមិបាលក្រុង ទាំងអង្គភាពមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ព្រមទាំងគណៈបញ្ជាការឯកភាពខេត្ត ហេតុអីបានជាបណ្តោយអោយជនជាតិវៀតណាម សាងសង់សំណង់រឹងមាំលើប្រព័ន្ឋលូបង្ហូរទឹកនិងចំណីផ្លូវ ចំកណ្តាលក្រុងកំពង់ឆ្នាំង ដោយគ្មានច្បាប់ .? ហេតុអីគ្មានសមត្ថភាពហាមឃាត់ដល់គេមិនស្តាប់.? ដូចជាអាជ្ញាធរជំនាញ មានសិទ្ធអំណាចគ្រប់គ្រាន់បង្កើតគណៈកម្មការ ត្រួតពិនិត្យបច្ចេកទេសសំណង់ បើអត់ច្បាប់ ចាត់វិធានការកំទេចចោល ព្រោះលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់
ប្រតិភូកម្មអំណាចអោយរួចហើយ លើបញ្ហាសំណង់អត់ច្បាប់ ធ្វើលើផ្លូវសាធារណៈ អូរ ប្រឡាយ ប្រព័ន្ធលូ និងគ្មានបទដ្ឋានបច្ចេកទេស ត្រូវតែវាយកំទេចចោល ក្នុងនោះសង់ដល់វិឡាទៀតផង ក៏លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ វាយកំទេចចោល។
បើសំណង់ ជនជាតិវៀតណាមសាងសង់សំណង់រឹងមាំលើប្រព័ន្ឋលូបង្ហូរទឹកនិងចំណីផ្លូវ ចំកណ្តាលក្រុងកំពង់ឆ្នាំង មិនត្រឹមតែខុសច្បាប់ទេ សូម្បីតែគាត់មានដីស្របច្បាប់ ហើយគាត់ជាជនជាតិបរទេស គឺគ្មានសិទ្ធសង់សំណង់ផ្ទាល់ដីដែរ មានសិទ្ធធ្វើជាកម្មសិទ្ធជាន់ទី១ឡើង។ ដូច្នេះសូមអាជ្ញាធរ ជំនាញ ចាត់វិធានការតាមផ្លូវច្បាប់ បង្កើតគណៈកម្មការវាយកំទេច ដើម្បីអោយការអនុវត្តច្បាប់ មានប្រសិទ្ធភាព លើអ្នកល្មើសច្បាប់៕ដោយ៖ចន្ថា


ចែករំលែក៖