អាមេរិក៖ ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតី ដូណាល់ ត្រាំ លោក Peter Navarro នៅថ្ងៃទី ១១ខែឧសភា បានបញ្ជាក់ថា ប្រធានាធិបតីដូណាល់ ត្រាំ បានខិតខំកសាងសេដ្ឋកិច្ចជាតិរីកចំរើនខ្ពស់ អាចនិយាយថាល្អបំផុតលើពិភពលោក ក្នុងរយៈពេលជាង ៣ឆ្នាំកាន់អំណាច ពេលនេះ ត្រូវបំផ្លាញក្នុងរយៈពេល តែ៦០ថ្ងៃ។
លោក Peter Navarro បានបញ្ជាក់ថា ៖ នៅក្នុងបទសម្ភាសន៍ ជាមួយបណ្តាញព័ត៌មាន Fox News កាលពីថ្ងៃទី១០ខែឧសភា ថា សេដ្ឋកិច្ចដ៏ល្អរបស់អាមេរិក ដែលជាការខិតខំរបស់ប្រធានាធិបតីត្រាំត្រូវបំផ្លាញដោយកូវីដ១៩។
ទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកត្រាំ ក៏បាន វាយតម្លៃពីឥទ្ធិពលរបស់ចិននៅអាមេរិក ក៏ដូចជាការខិតខំរបស់ចិនក្នុងការ ដឹកនាំអង្គការអន្តរជាតិ ប្រភពផ្គត់ផ្គង់របស់ពិភពលោក នូវអ្វីច្រើនផ្សេងទៀត ក្នុងនោះតួនាទីរបស់ចិន ក្នុងសង្គ្រាម ប្រឆាំងកូវីដ១៩។ អ្វីដែលអាមេរិក បារម្ភនោះគឺចិន ប្រមូលទិញក្រុមហ៊ុន ដែលរងផលប៉ះពាល់ដោយសារតែកូវីដ១៩។
កត្តាទាំងនោះហើយបានជាអាមេរិក សំដៅទៅលើប្រទេសចិន ដោយចោទចិនថា បានធ្វើឲ្យបែកធ្លាយវីរុសចេញមកក្រៅពីបន្ទប់ពិសោធន៍នៅវូហាន។ អាមេរិក ចង់ឲ្យចិនត្រូវទទួលខុសត្រូវពីការរាលដាលវីរុស ហើយចិនត្រូវតែសងសំណងពីការខាតបង់។
លោក Navarro បញ្ជាក់ទៀតថា ចិនបានលាក់ខ្លួនក្រោមការការពាររបស់អង្គការWHO ដើម្បីសាយភាយវិរុសបំផ្លាញពិភពលោក ដោយចិនបានដឹកជញ្ជូនមនុស្សពីចិនទៅកាន់ អ៊ីតាលី និង ញូវយ៉កជាដើម ដើម្បីសាយភាយវីរុស។
ប៉ុន្តែចិនបានច្រានចោល ជាច្រើនលើកនូវការចោទប្រកាន់ទាំងឡាយពីអាមេរិក ។ បណ្តាអង្គការអន្តរជាតិ ក៏បានចាត់ទុកថាវីរុសកូវីដ១៩ កើតចេញពីធម្មជាតិ ។ មិនតែប៉ុណ្ណោះ ក្រុមចារកិច្ចអាល្លឺម៉ង់ ក៏ដូចជាក្រុមចារកម្ម Five Eyes ក៏បានរកឃើញដូចគ្នានោះដែរ ហើយអាមេរិកមានចេតនាក្នុងការបង្វែទិសដៅមកចាប់អារម្មណ៍ចិន ច្រើនជាងការបរាជ័យក្នុងសង្គ្រាមប្រឆាំងកូវីដរបស់អាមេរិក៕ដោយ៖ធី រីណា