ភ្នំពេញ ៖ មិនដឹងជាស្រវឹងស្រាមកពីទីណាទេ យុវជនម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករុឺម៉កដឹកបន្លែយ៉ាងពេញទំហឹង បណ្ដាលឲ្យភាគីខាងរុឺម៉ក រងរបួសធ្ងន់ស្រាលពីរនាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនភ្លាមៗ កាលពីវេលាម៉ោង ១២:០០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ២១៧ ត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពីអ្នកដែលឃេីញហេតុការណ៍ បានឲ្យដឹងថា ដំបូងឡេីយ គេបានឃេីញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដា ឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1J-3739 ដោយប្រើល្បឿនយ៉ាងលឿន ក្នុងទិសដៅពីកេីតទៅលិចក្នុងស្ថានភាពស្រវឹងស្រាជោកជាំ ខណៈបើកម៉ូតូមកដល់ចំណុចកេីតហេតុខាងលើក៏ជ្រុលចង្កូតទៅបុករុឺម៉កម៉ូតូដឹកបន្លែមួយគ្រឿង ពាក់ស្លាកលេខ 1G-0824 ដែលធ្វេីដំណេីរពីលិចទៅកេីតយ៉ាងពេញទំហឹង បណ្ដាលឲ្យភាគីខាងរុឺម៉កដឹកបន្លែរងរបួសធ្ងន់ស្រាល២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនភ្លាមៗ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ហើយបានសួរនាំរឿងហេតុចុះឡេីងៗ ស្រាប់តែយុវជនខាងលេីជេរប្រមាថមកលេីសមត្ថកិច្ចនិងអ្នកសារព័ត៌មានទេីបសមត្ថកិច្ចមូលដ្ឋាននាំខ្លួនយុវជនខាងលេីទៅកាន់ប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ២ ដេីម្បីចាត់ការតែម្ដង ។ ចំណែកម៉ូតូ និងរុឺម៉កសណ្ដោង ត្រូវបានសមត្ថកិច្ចទាក់ទងទៅខាងជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយតាមច្បាប់ ៕ ដោយ៖ ភារ៉ា ដង្កោ