ខេត្តបន្ទាយមានជ័យ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន១៥គ្រាប់ ដែលសេសសល់ពីសម័យសង្គ្រាមត្រូវបាន ប្រជាពលរដ្ឋប្រទះឃើញកាលពីថ្ងៃទី១១ខែឧសភាឆ្នាំ២០២០នៅចម្ងាយពីបង្គោលសីមាលេខ៣២ប្រហែល១៧០ម៉ែត្រ( ព្រំដែនថៃ-កម្ពុជា ) ស្ថិតក្នុងភូមិអូរកំបុត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនលេខ៨០៧ បានឲ្យដឹងថា នៅវេលាម៉ោង០៨និង៤០នាទីព្រឹកថ្ងៃទី១១ខែឧសភា ឆ្នាំ២០២០ មានប្រជាពលរដ្ឋ ឈ្មោះ ជុំ រស្មី អាយុ ៥៣ ឆ្នាំ រស់នៅភូមិអូរកំបុត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានភ្ជួរដីធ្វើចម្ការហើយប្រទះឃើញគ្រាប់មីន ចំនួន ១៥គ្រាប់ចម្ងាយពីបង្គោលសីមាលេខ៣២ ប្រហែល១៧០ម៉ែត្រ ក៏បានរាយការណ៍មកកម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍អូរកំបុត។
លោកមេបញ្ជាការបានបញ្ជាក់ថា៖ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍អូរកំបុត បានសហការជាមួយកម្លាំងសម្អាតមីនអង្គភាពហេឡូត្រាសចុះទៅពិនិត្យជាក់ស្តែង ហើយក៏បានធ្វើការប្រគល់គ្រាប់មីនទាំងនោះទៅឱ្យកម្លាំងសម្អាតមីនអង្គភាពហេឡូត្រាសយកទៅធ្វើការបំផ្លាញចោល បញ្ចៀសការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ។លោកក៏សូមអំពាវនាវដល់ពលរដ្ឋដែលដើររកបន្លែឬក៏ដើរឃ្វាលគោ ក្របីជាដើមធ្វើយ៉ាងណាមានការប្រុងប្រយ័ត្នបញ្ជៀសនូវគ្រោះថ្នាក់ដល់អាយុជីវិតព្រោះគ្រាប់យុទ្ធភណ្ឌដែលបន្សល់ទុកពីសម័យសង្គ្រាមនៅមានសេសសល់ច្រើនដូចជាករណីពលរដ្ឋប្រទះឃើញនេះស្រាប់។ដោយ៖វណ្ណា