ខេត្តឧត្តរមានជ័យ៖ កាលពីវេលាម៉ោង១និង៤០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ មានយោធាម្នាក់ឈ្មោះ សឿន កាន់ ភេទប្រុស អាយុ៥៥ឆ្នាំ ឋានៈ នាយចំណង់ អត្តលេខ០៧០៤៦២ អង្គភាពវរសេនាតូចអន្តរាគមន៍លេខ២៤៣ កងពលតូចអន្តរាគមន៍លេខ៤ បានប្រព្រឹត្តបទឧក្រិដ្ឋដោយបានបាញ់សម្លាប់មនុស្សចំនួន២នាក់ ។ នេះបើតាមលោកឧត្តមសេនីយ៍ទោ សន ស៊ា មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៤ កងពលធំអន្តរាគមន៍លេខ២ បានបញ្ជាក់ឱ្យដឹង។
យោងតាមសេចក្តីជូនដំណឹង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នេះ លោកឧត្តមសេនីយ៍ទោ សន ស៊ា មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៤ កងពលធំអន្តរាគមន៍លេខ២ បានថ្លែងឱ្យដឹងទៀតថា ឈ្មោះ សឿន កាន់ បានបាញ់សម្លាប់ប្រពន្ធខ្លួនឯងឈ្មោះ ង៉ែត រ៉េន អាយុ៥០ឆ្នាំ និង ប្រពន្ធគ្រួសារកងទ័ពម្នាក់ទៀតឈ្មោះ ឡាច តាំងស្ម័គ្រ អាយុ៣០ឆ្នាំ ។
ក្រោយពីបានប្រព្រឹត្តបទល្មើសរួចមក ជនល្មើសបានរត់គេចខ្លួនដោយបានលួចយកអាវុធ AK47 ចំនួន១ដើមលេខ ៥៧៧១៧៦ គ្រាប់ចំនួន១២០គ្រាប់ទៅជាមួយ។
លោកឧត្តមសេនីយ៍ទោ សន ស៊ា ស្នើសូមឱ្យសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយឃាត់ខ្លួនជនល្មើសជាបន្ទាន់ ៕ដោយ៖ចេស្ដា