ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រី ឧទ្យានុរក្ស ការបង្ក្រាបបទល្មើសជាក់ស្តែង កាប់បំផ្លាញព្រៃឈើ និងដាក់អន្ទាក់ចាប់សត្វព្រៃ

ចែករំលែក៖

ខេត្តព្រះវិហារ៖ក្រសួងបរិស្ថានបានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី ១១ ខែឧសភាឆ្នាំ ២០២០នេះបានអោយដឹងថាក្រុមមន្ត្រីឧទ្យានុរក្សស្នាក់ការច្រក៩១ ស្នាក់ការកាប៉ុក និងស្នាក់ការថ្មកែវ នៅដែនជម្រកសត្វព្រៃព្រះរកា ភូមិសាស្ត្រខេត្តព្រះវិហារ បានចុះល្បាតទៅតាមគោលដៅចំណុចដំណាក់ជ្រៃ ចំណុចអូរស្កាច និងចំណុចអូរកាប៉ុកលើ ដកហូតរណារយន្តសរុប ៥គ្រឿង អាវុធកែច្នៃ ១ដើម អន្ទាក់ខុសច្បាប់សរុប ១១២ខ្សែ និងមួងដាក់ស្វា ៣ខ្នង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០។

រីឯគោលដៅដែនជម្រកសត្វព្រៃព្រៃឡង់ ក្រុមមន្ដ្រីឧទ្យានុរក្សស្នាក់ការពើក សហការជាមួយលោកមេឃុំរៀបរយ និងកម្លាំងសហគមន៍តំបន់ការពារធម្មជាតិបង្កនសែនជ័យ បានចុះល្បាតដល់ចំណុចប្រឡាយរមាស ចំណុចអូរគោលត្រង់ និងចំណុចអូរផ្លាយ ស្ថិតនៅភូមិបង្កន ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ ដកហូតរណារយន្តសរុប ៣គ្រឿង និងអាវុធកែច្នៃ ១ដើម ដោយវត្ថុតាងត្រូវបានយកមករក្សាទុកនៅស្នាក់ការពើក។

ចំណែកនៅដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ក្រុមមន្ដ្រីឧទ្យានុរក្សស្នាក់ការតាកឹង បានចុះល្បាតនៅចំណុចអូរក្រញូង ជួបបទល្មើសបរបាញ់សត្វខុសច្បាប់ ប្រើប្រាស់អាវុធកែច្នៃ ២ដើម កាំភ្លើងខ្យល់ ១ដើម ដោយវត្ថុតាងត្រូវបានយកមករក្សាទុកនៅស្នាក់ការតាកឹង និងនៅឯតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង នាថ្ងៃដដែល ក្រុមការងារមន្ដ្រីឧទ្យានុរក្ស សហការជាមួយកម្លាំងសហគមន៍តំបន់ការពារធម្មជាតិអូរចាក់ឣង្រែ បានចុះល្បាតដល់ចំណុចមួយ ស្ថិតនៅភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយបានបំផ្លាញទ្រុងដាក់យកសត្វស្វាចំនួន ២កន្លែង។

មន្ត្រីនៃមន្ទីរបរិស្ថានខេត្ដព្រះវិហារ បានឲ្យដឹងថា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ក្រុមមន្ត្រីឧទ្យានុរក្សនៃតំបន់ការពារធម្មជាតិចំនួន ៣ គឺដែនជម្រកសត្វព្រៃព្រៃឡង់ ដែនជម្រកសត្វព្រៃព្រះរកា និងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង បានបែងចែកក្រុមចុះល្បាត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតាមគោលដៅរបស់ខ្លួន។ នៅគោលដៅដែនជម្រកសត្វព្រៃព្រៃឡង់ ក្រុមមន្ត្រីឧទ្យានុរក្ស បានចុះល្បាតនៅចំណុចត្រពាំងគគី ចំណុចស្រះបី ចំណុចត្រពាំងរៀមស្នូល ចំណុចប្រឡាយខ្មោច ចំណុចស្រែក្រោម ចំណុចវាលស្រឡៅ និងចំណុចត្រពាំងប្រើស ជាលទ្ធផល បានដកហូតរណាយន្ត សរុបចំនួន ៦គ្រឿង កាំភ្លើងកែច្នៃ ៣ដើម និងបានសារអន្ទាក់ ចំនួន២ ដើម្បីយកវត្ថុតាងទាំងអស់មករក្សាទុកនៅស្នាក់ការស្រែវាល។

ដោយឡែក នៅដែនជម្រកសត្វព្រៃព្រះរកា ក្រុមមន្ត្រីឧទ្យានុរក្ស បានចុះល្បាតទៅតាមគោដៅចំណុចជាំប្រទាល ជួបបទល្មើសអារឈើ ប្រើប្រាស់រណាយន្ត ២គ្រឿង និងបទល្លើសបរបាញ់សត្វព្រៃខុសច្បាប់ ប្រើប្រាស់អាវុធកែច្នៃ ១ដើម ដោយវត្ថុតាងត្រូវបានយកមករក្សាទុកនៅស្នាក់ការអូរកក់។
ចំណែកឯ នៅតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំត្បែង ក្រុមមន្ត្រីឧទ្យានុរក្ស បានចុះល្បាតដល់ចំណុចអូចាក់អង្រែ ដោយបានបំផ្លាញទ្រុងអន្ទាក់ដាក់យកសត្វស្វា ៣កន្លែង៕ ដោយ៖នរិន្ទ្រ


ចែករំលែក៖