ព័ត៌មានទាន់ហេតុការណ៍៖

រូឡូកិនថ្នល់ក្រឡាប់ផ្ងារជើងសង្កត់តៃកុងស្លាប់ ខណ:កំពុងធ្វើសកម្មភាពកិនផ្លូវលើខ្នងទំនប់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖  រូឡូកិនថ្នល់កំពុងធ្វើផ្លូវលើខ្នងទំនប់សុខៗ ស្រាប់តែភ្លាត់ស្នៀតក្រឡាប់បះជើងធ្លាក់ចូលប្រឡាយ សង្កត់តៃកុងបាក់ដៃជាច្រើនកំណាត់សង្កត់លើខ្លួននិងបោកក្បាលសន្លប់ស្តូកស្តឹង ហើយភ្លាមៗនោះក្រុមការងារបានស្ទុះទៅជួយសង្គ្រោះ នឹងដឹកយកទៅមន្ទីរពេទ្យខេត្ត តែត្រូវបានដាច់ខ្យល់ស្លាប់នៅពេលទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងក្រុមហ៊ុនចម្ការចេក ក្នុងភូមិឫទ្ធិីសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

បើតាមសមត្ថកិច្ចដែលបានចុះពិនិត្យដល់កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះសុទ្ធ សាន ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គ្រង ឃុំអង្គ្រង ស្រុកមេសាង ខេត្តព្រៃវែង។ 

មុនកើតហេតុជនរងគ្រោះ បើកបររូឡូកិនផ្លូវដែលធ្វើថ្មីនៅលើខ្នងទំនប់ ដើម្បីងាយស្រួលរៀបប្រព័ន្ធទុយយោទឹកបូមដាក់តាមគុម្ពចេកនិីមួយៗ និងដើម្បីទុករក្សាទឹកបានយូរ។ ពេលកំពុងបើកសុខៗស្រាប់តែក្រឡាប់ធ្លាក់ប្រឡាយផ្ងារជើង សង្កត់អ្នកបើកបររងរបួសធ្ងន់ ហើយក៏បានស្លាប់ក្រោយពេលទៅដល់មន្ទីរពេទ្យបង្អែកខេត្ត។

សាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅស្រុកកំណើត ដើម្បីធ្វើបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនា៕ដោយ៖មាស សុផាត


ចែករំលែក៖