ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល៨ថ្ងៃប្រជាពលរដ្ឋសម្រុកយករថយន្តមកឆៀករួច៨៨៩គ្រឿងនៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋនិងអាជីវករបានយករថយន្តមកឆៀកយ៉ាងច្រើនបន្តកន្ទុយគ្នានៅក្រុងស្វាយរៀងខណះរយៈពេល៨ថ្ងៃមានរថយន្តធ្វើឆៀករួចចំនួន៨៨៩គ្រឿងទាំងយានយន្តធុនតូច ធំនិងរថយន្តដឹកកម្មករផងដែរ។

បើតាមលោក ព្រំ ផូ ប្រធានការិយាល័យបច្ចេកទេសយានយន្តមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តស្វាយរៀងបានឲ្យដឹងថា យានយន្តដែលមកពិនិត្យបច្ចេកទេសនេះ គឺមានមកពីខេត្តព្រៃវែង ខេត្តត្បូងឃ្មុំនិងខេត្តស្វាយរៀង ក្នុងមួយថ្ងៃជាមធ្យមត្រួតពិនិត្យបានចាប់ពី៨០គ្រឿងទៅ១២០គ្រឿងបើប្រព័ន្ធគ្រប់គ្រងគ្មានបញ្ហាដោយមានរថយន្តនៅតែសម្រុកមកធ្វើឆៀកច្រើននៅឡើយទើបសម្រេចនៅត្រួតពិនិត្យបច្ចេកទេសយានយន្តនេះរហូតដល់ថ្ងៃទី១៥ឧសភាឆ្នាំ២០២០ទើបបញ្ចប់នៅស្វាយរៀង។

លោកបន្ថែមថារហូតមកដល់រសៀលថ្ងៃទី១២ឧសភានេះមានយានយន្តតូចធំដែលបានត្រួតពិនិត្យបច្ចេកទេស(ឆៀក)រួចចំនួន៨៨៩គ្រឿង។

យោងតាមខ្លឹមសារនៃអនុក្រឹត្យលេខ៣៩ អនក្រ. បក ត្រង់ជំពូកទី៣ មាត្រា៧ថ្មី ចំណុចទី៤ បានបញ្ជាក់ថា ត្រូវពិន័យអ្នកបើកបររថយន្តធុន ស្រាល ទឹកប្រាក់ចំនួន ១៨០, ០០០រៀល និងអ្នកបើកបររថយន្តធ្ងន់ទឹកប្រាក់ចំនួន ៣៧៥,០០០រៀល ចំពោះអំពើល្មើសបើកបរដោយគ្មានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយាន ឬប្រើ វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈ បច្ចេកទេស ហួសសុពលភាព។ 

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវ តែគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ៕យឹម សុថាន


ចែករំលែក៖