ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនបន្ទាប់ពីរូបគេបានយករូបភាព និងវីដេអូអាក្រាតកាយមិត្តស្រីរបស់ខ្លួន ទៅបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក ព្រោះតែខឹងខាងស្រីសុំបែក ទៅមានអ្នកថ្មី ខណៈស្នេហារបស់ពួកគេ ស្គាល់គ្នាតាមអនឡាញប៉ុណ្ណោះ មិនដែលជួបមុខគ្នាផ្ទាល់នោះទេ។
ជនសង្ស័យឈ្មោះ ឈុន កុយ អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាល័យ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ដោយជនសង្ស័យបានឆ្លើយសារភាពថា រូបគេ និងជនរងគ្រោះ បានទំនាក់ទំនងស្គាល់គ្នាតាមបណ្ដាញសង្គមហ្វេសប៊ុក ហើយបានស្រឡាញ់គ្នាទៅវិញទៅមក តែពុំដែរបានជួបមុខគ្នាផ្ទាល់ទេ។ ក្រោយមកជនសង្ស័យបានលួងលោមជនរងគ្រោះឲ្យថតវីដេអូអាក្រាតកាយ ផ្ញើមកឲ្យខ្លួនមើល ដោយជឿតាមពាក្យលួងលោមជនរងគ្រោះក៏សុខចិត្តធ្វើតាម។
ប្រភពដដែលបន្តថា ក្រោយមកជនសង្ស័យក៏បានថតរូបទុក (Save) លុះអំឡុងខែមេសាមុនចូលឆ្នាំខ្មែរ ជនរងគ្រោះបានសុំបែកគ្នា ដោយប្រាប់ថា ខ្លួនមានសង្សារថ្មីហើយ ឈប់ Chat មកទាក់ទងទៀត ដែលធ្វើឲ្យជនសង្ស័យខឹង ក៏បង្ហោះវីដេអូរូបភាពអាក្រាតកាយរបស់ជនរងគ្រោះ លើបណ្តាញសង្គមហ្វេសប៊ុក តែម្តង។
បន្ទាប់មកជនរងគ្រោះបានដឹងពីទង្វើយរបស់ជនសង្ស័យក៏ប្តឹងសមត្ថកិច្ចឲ្យស្រាវជ្រាវតាមចាប់ខ្លួនផងដែរ ។ លុះរហូតដល់ថ្ងៃទី១២ ខែឧសភាឆ្នាំ២០២០ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការនាំខ្លួនជនសង្ស័យនៅចំណុចផ្លូវ៣០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពញ យកមកសាកសួរ ។
បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសតាមផ្លូវច្បាប់៕ដោយ៖ស តារា