ខេត្តព្រះវិហារ៖កម្លាំងការិយាល័យជំនាញប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀន របស់អធិការដ្ឋាននគរបាលស្រុករវៀងខេត្តព្រះវិហារ បានសហការគ្នា បង្រ្កាបបទល្មើសគ្រឿងញៀនមួយករណីដោយឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ក្នុងនោះមានស្រី ០១នាក់ ករណីរក្សាទុក ដឹកជញ្ជួន ឬជួញដូរ ប្រើប្រាស់នូវសារធាតញៀនខុសច្បាប់។
ការបង្រ្កាបគ្រឿងញៀននេះបានប្រព្រឹត្តទៅនៅេសៀល ថ្ងៃពុធ៧រោចឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នៅចំណុចផ្ទះសំណាក់ភ្នំមាស ស្ថិតនៅភូមិភ្នំដែក ឃុំរម្មណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។
មន្រ្តីនគរបាលបង្រ្កាបគ្រឿងញៀនស្រុករវៀងបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនបានទី១-ឈ្មោះ ផាន់ សង់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ, ទី២-ឈ្មោះ ដែន រុំ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរំចេក ឃុំរម្មណីយ ស្រុករវៀង ខេត្តព្រះវិហារ, ទី៣-ឈ្មោះ សៀន ឡងឌី ភេទប្រុស អាយុ២០ឆ្នាំ មុខរបមិនពិតប្រាកដ រស់នៅភូមិបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ, ទី៤-ឈ្មោះ សាយ គឹមហេង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងទទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ និងទី៥-ឈ្មោះ អួន ធារី ភេទស្រី អាយុ២០ឆ្នាំ មុខរបរម៉ាស្សា រស់នៅភូមិត្រពាំងទទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
រីឯសម្ភារវត្ថុតាងដកហូតបានរួមមាន៖ ទូរស័ព្ទដៃចំនួន១០គ្រឿង, ម៉ូតូចំនួន៤គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១គ្រឿង,ថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាចំនួន១៧កញ្ចប់តូច ស្មើនឹង៨៥.៩ក្រាម និងថវិកាចំនួន១,៥០៧,០០០រៀល។
បច្ចុប្បន្នជនសង្ស័យទាំង ៥នាក់ និងវត្ថុតាងខាងលើត្រូវសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុករវៀង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕
ដោយ÷ប្រាថ្នា