ខេត្តឧត្តរមានជ័យ៖ ជនសង្ស័យដែលបង្កហិង្សាមានស្ថានទម្ងន់នៅភ្នំពេញ ត្រូវនគរបាលឃាត់ខ្លួនបានហើយ ខណៈដែលជននេះកំពុងលាក់ខ្លួននៅក្នុងភូមិមួយក្បែរព្រំដែន នាភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។
សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យដែលសហការជាមួយនឹងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអនុវត្តដីការបស់សាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ៖ ជនសង្ស័យ ឈ្មោះ ប្រាក់ តាណាន់ អាយុ២០ ឆ្នាំ រស់នៅផ្ទះលេខ២៣៣ ផ្លូវលំ ក្រុម៨ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យបានបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០កន្លងទៅ នៅម្តុំមុខផ្សារអុីឌិនកាឌិន ស្ថិតនៅផ្លូវអ៊ែ៦ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ រួចហើយបានរត់គេចខ្លួនបាត់។ប៉ុន្តែទីបំផុតកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវរកឃើញថា ជនសង្ស័យទៅនៅចំណុចជើងភ្នំព្រំដែនមួយកន្លែង ក្នុងខេត្តឧត្តរមានជ័យ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅឱ្យកម្លាំងជំនាញនៃសាមីកន្លែងជននេះបង្កហេតុ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ប៉ែន នួន