ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្តពោធិ៍សាត់និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ បានសហការគ្នាចុះអនុវត្តដីកាសាលាដំបូងខេត្តពោធិ៍សាត់ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច តាមអំណាចដីកាតុលាការខេត្តពោធិ៍សាត់។
ករណីនគរបាលចុះអនុវតដីកាតុលាការខាងលើ ធ្វើឡើងនៅវេលាម៉ោង៣ និង១៥នាទី រសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិពាលញែក សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ។
លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌខេត្តពោធិ៍សាត់ដែលបានដឹកនាំកម្លាំងឃាត់ជនសង្ស័យម្នាក់នេះផ្ទាល់ប្រាប់ថា ជនសង្ស័យឈ្មោះ យាង វិឡា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិពាលញែក សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ។សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យរូបនេះគឺអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួន លេខ៥៣៥ អ. យ. ២០ ចុះថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ចេញដោយលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ពាក់ព័ន្ធអំពើចោរកម្មនាពេលកន្លងមកខណ:សមត្ថកិច្ចដកហូតបាននូវវត្ថុតាងមួយចំនួនផងនោះ ។
លោក ស្នងការរងបន្តទៀតថា ខ្លឹមសារដីកាខាងលើបញ្ជាក់ថា ជនសង្ស័យរូបនេះជាប់ចោទពីបទលួច ប្រព្រិឹត្តទៅនៅចំណុចផ្ទះសំណាក់យីហោ(លឹម សេងស្រ៊ុន) ស្ថិតក្នុងភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបំពេញសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ មានចំណាត់ការបន្ត៕ ដោយ៖ បុឹម ពិន