ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណះជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តស៊េរីទំនើប១គ្រឿងម៉ាកHILUX- VEVOបើកក្នុងល្បឿនលឿនមិនប្រកាន់ស្ដាំក៍មកបុកពេញទំហឹង។ហើយអ្នកបើកបររថយន្តបង្កព្យាយាមបើករត់លុះមកចំណុចគោលដៅកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខកំពុងអនុវត្តន៍រឹតបន្តឹងច្បាប់រាចរណ៍ផ្លូវគោកក៏ឃាត់ជាប់តែម្តង។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង ៥០ នាទីយប់ថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២០ នៅចំណុចមុខផ្សារឈូកមាស តាមបណ្តោយផ្លូវ ២០១១ ក្នុងសង្កាត់គោកឃ្លាងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកHILUX-VEVOពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BF-7977ធ្វើដើរតាមបណ្តោយផ្លូវ ២០១១ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះលុះមកដល់ចំណុចកើតហេតុខាងលើរថយន្តរបង្ករេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកzoomer-xពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FK-7770បើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្ច្រាស់គ្នាពេញទំហឹងបណ្ដាលឲ្យអ្នកបើកបរម៉ូតូខ្ទាតទៅលើចញ្ចើមផ្លូវរងរបួសធ្ងន់ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ចំណែករថយន្តបង្កព្យាយាមបើករត់មករហូតមកដល់គោលដៅកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខកំពុងអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកស្ថិតនៅតាមបណ្ដោយផ្លូវ ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មីត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ជាប់ទាំងអ្នកបើកបរនិងរថយន្តបានភ្លាមតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌសែនសុខបានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញមកវាស់វែងយករថយន្តបង្កនឹងម៉ូតូជនរងគ្រោះរួមនឹងអ្នកបើកបររថយន្តបង្កទៅរក្សាទុកដើម្បីចាង់ការបន្តតាមនីតិវិធី៕ដោយ៖ ចន្ទ លីហ្សា