ខេត្តកំពង់ចាម ៖ ក្រុមអ្នកញៀនល្បែងជាច្រេីននាក់ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបចាប់ឃាត់ខ្លួន និងចាប់យកវត្ថុតាងហេីយបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជាលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។
ការបង្ក្រាបធ្វេីនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៤ និង៣០នាទី នៅចំណុចសាលាសន្សំបុណ្យ ស្ថិតនៅក្នុងភូមិព្នៅលិច ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
លោកវរសេនីយ៍ឯក ថាញ់ សុខវុន ឋានៈ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលអោយដឹងថា លោកបានសហការជាមួយកំលាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ ក្រោមការសម្របសម្រួលពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀរ និងអាប៉ោងដាក់លុយ) នៅចំណុចទីតាំងខាងលេី ។
លោកបន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការគ្នាចុះបង្ក្រាប ។
លោកវរសេនីយ៍ឯក ថាញ់ សុខវុន ឋានៈ បញ្ជាក់ថា ជាលទ្ធផលបង្រ្កាបចាប់ឃាត់ខ្លួនបានអ្នកលេងល្បែងចំនួន៧នាក់មានឈ្មោះដូចខាងក្រោម៖
១- ឈ្មោះ ជា ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ។
២- ឈ្មោះ ហ៊ា វ៉ៃ ភេទប្រុស អាយុ៦២ឆ្នាំ ជាតិខ្មែរ ។
៣-ឈ្មោះ ឡាញ់ សារ៉ាត់ ភេទប្រុស អាយុ៥២ឆ្នាំ ជាតិខ្មែរ។
៤-ឈ្មោះ ហ៊ាន សុខា ភេទប្រុស អាយុ៥២ឆ្នាំ ជាតិខ្មែរ ។
៥-ឈ្មោះ ហ៊ន ម៉ាច ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរ ។
៦-ឈ្មោះ ទេព ធី ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ ។
ទាំង០៦នាក់ខាងលើរស់នៅភូមិព្នៅលិច ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តពង់ចាម ។
និងទី៧-ឈ្មោះ ហ៊ី គាង ភេទប្រុស អាយុ៥៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ចំណែកវត្ថុតាងរួមមាន៖ ចានអាប៉ោងចំនួន០១ កម្រាលក្រាលលេងបៀរចំនួន០១ សៀវភៅកត់លេខឆ្នោតចំនួន០៣ក្បាល បៀរចំនួន០៣ហ៊ូ ផ្តិលគ្របអាប៉ោងចំនួន០១ ហាន់តោអាប៉ោងចំនួន០១ ម៉ូតូចំនួន១០គ្រឿង ប្រាក់រៀលចំនួន១,៣២០,០០០រៀល(មួយលានបីសែនពីរម៉ឺនរៀល) ប្រាក់ដុល្លារចំនួន៦០៥ដុល្លារ(ប្រាំមួយរយប្រាំដុល្លារ ។
បច្ចុប្បន្នជនសង្ស័យ រួមនឹវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕ ដោយ ៖ វណ្ណៈ